(ភ្នំពេញ)៖ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ នៃការរៀបចំឥណទានឡើងវិញ ដោយលោកស្រីបានលើកឡើងថា ការរៀបចំឥណទានឡើងវិញនេះ ដែលគ្រប់ធនាគារបានធ្វើឡើងជូនអតិថិជននេះ ជាការងារមួយយ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុក ការចំណាយរបស់ប្រជាពលរដ្ឋកម្ពុជា។
ការលើកឡើងរបសលោកស្រី ម៉ក់ រស្ម៊ី ធ្វើឡើងក្នុងកម្មវិធី កិច្ចពិភាក្សាតុមូលស្ដីពី ស្ថានភាពបំណុលនៅកម្ពុជា រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី ម៉ក់ រស្ម៊ី បានថ្លែង ការរៀបចំឥណទានឡើងវិញនេះ អតិថិជនមានឥណទានលើសពី១ ជាមួយគ្រឹះស្ថានធនាគារណាមួយ ដូច្នេះអតិថិជនត្រូវការស្នើលក្ខខណ្ឌណាមួយ ដើម្បីជួយសម្រួលដល់ឥទានរបស់ខ្លួន ចំពោះការរៀបចំឥណទានឡើងវិញនេះ ធ្វើឡើងចំពោះអតិថិជន ដែលមានបញ្ហាហិរញ្ញវត្ថុបណ្ដោះអាសន្ន។
លោកស្រីបានបញ្ជាក់ថា «នៅពេលអតិថិជនមានបញ្ហាហិរញ្ញវត្ថុ ជាបណ្ដោះអាសន្ន ត្រូវការស្នើសុំរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌរបស់ធនាគារ ឬហៅថាការរៀបចំឥណទានឡើងវិញនេះ បានផ្ដល់ផលល្អប្រសើរច្រើន ដល់អតិថិជនដោយបានជួយសម្រួលបន្ទុក ចំណាយរបស់អតិថិជនជាច្រើន»។
លោកស្រីបន្ថែមថា ចំពោះការរៀបចំឥណទានឡើងវិញនេះ បានសម្រួលជាច្រើនដល់អតិថិជន ដោយសារអនុញ្ញាតឲ្យអតិថិជនយកចំណែក ដែលសល់ពីការបង់សងធនាគារ (បន្ទាប់ពីការរៀបចំឥណទានឡើងវិញ) ទៅចំណាយផ្សេងៗជាច្រើនទៀតដូចជា បង់សាលារៀលកូនជាដើម។ ទាំងនេះជាគោលបំណង និងអត្ថប្រយោជន៍ ដែលធនាគារជាតិនៃកម្ពុជា រៀបចំនីតិវិធីក្នុងការរៀបចំឥណទានឡើងវិញ។
លោកស្រីបញ្ជាក់ថា នីតិវិធីដែលធនាគារជាតិនៃកម្ពុជាបានចេញនេះ បានជួយដល់អតិថិជនជាច្រើន ដោយធ្វើឲ្យអតិថិជនប្រើប្រាស់ថិវកាដែលខ្លួនមាន បង់បានទាំងធនាគារដោយមិនខូចឈ្មោះ និងចំណាយផ្សេងដោយមិនខ្វះខាត៕