(កែប)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកែប បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយកម្លាំងកងអាវុធហត្ថខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោមការបញ្ជាក់ផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការតាមស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ ក្នុងនោះស្ត្រី ៥នាក់ នៅក្នុងផ្ទះសំណាក់ប៉ារ៉ាឌី ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងវត្ថុតាងមួយចំនួនក្នុងករណីឆបោកការលក់ទំនិញនៅតាមរាជធានី-ខេត្ត។

លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចេញប្រតិបត្តិការបង្ក្រាបករណីខាងលើ គឺមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្តខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ រូបលោក វរសេនីយ៍ទោ មៀច ប៊ុនថា បានដឹកនាំកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកែប សហការជាមួយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត។

សម្ភារចាប់យករួមមាន៖ រថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២Q-០១៣៨ ចំនួន ០១គ្រឿង, ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១JP-០៤១៤  ចំនួន ០១គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៣គ្រឿង, ស្រាបៀ ចំនួន ៥៧កេស, បាកាសចំនួន ២យួរ, ឧបករណ៍ចាក់ភ្លេងសម្រាប់ដេញសត្វ ចំនួន ០១កេស, ប្រាក់ដុល្លារ ចំនួន ៣០១ដុល្លារ និងប្រាក់រៀល ចំនួន ៥០១,៥០០រៀល និងលោហៈធាតុពណ៌ក្រហមរួមមានខ្សែដៃ ១ខ្សែ, ក្រវិល ១គូរ, ចិញ្ចៀនដាំត្បូង ១វង់, បន្តោងខ្សែកស្រោបព្រះចំនួន១។

ពាក់ព័ន្ធករណីឆបោកប្រាក់តាមរយៈការលក់ដូរទំនិញទៅឱ្យជនរងគ្រោះ ឈ្មោះ ឃុន សុខនី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប អស់ទឹកប្រាក់សរុបចំនួន ៧,២០០,០០០រៀល និងក្រវិលកំប៉ុងសម្រាប់ប្តូរយករង្វាន់ ចំនួន២៦កេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមក។

តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងអស់ បានសារភាពថាក្រុមរបស់ខ្លួន ពិតជាបានដើរឆបោកតាមរយៈការលក់ទំនិញ នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនពិតប្រាកដមែន។

តាមលោក ខាន់ សុផល ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្តកែប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃ៤ ខែធ្នូឆ្នាំ ២០២៤នេះថា ក្រុមជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកដល់ស្ថាប័នអយ្យការហើយ។ បច្ចុប្បន្នកំពុងតែធ្វើការសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕