(កណ្ដាល)៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាព ឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។
ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អ៊ីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៏របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់ទើបយើងកំណត់បានមុខសញ្ញា។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ចំណុចវត្តក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ជនសង្ស័យ ០២នាក់ បានធ្វើសកម្មភាពលួចប្រាក់ជនរងគ្រោះជាព្រះសង្ឃព្រះនាម វ បរ គង់នៅក្នុងវត្តកើតហេតុខាងលើ។ សម្ភារៈបាត់បង់ប្រាក់ចំនួនជាង ២០ ០០០ ០០០រៀល។
ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះស្រាវជ្រាវជាបន្តបន្ទាប់ (តាមរុករកជនសង្ស័យដល់ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង រាជធានីភ្នំពេញ) រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ៖
* ឈ្មោះ សភ សផ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ក្រុងសំពៅពូន ខេត្តកណ្តាល (មានឪពុក ម្តាយទៅរកស៊ីនៅឆ្ងាយ សព្វថ្ងៃរស់នៅជាមួយយាយតា)។
* លទ្ធផលតេស្តរកសារធាតុញៀន អវិជ្ជមាន។
* ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅជាមួយគ្នា (រត់គេចខ្លួន)។
* វត្ថុតាងចាប់យក ៖ កង់អាគុយពណ៏ក្រហមជិះធ្វើសកម្មភាព ០១គ្រឿង ទូរសព្ទ័ ០១គ្រឿងម៉ាក INFINIX។
នៅចំពោះមុខជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាព ៥៦លើក ក្នុងនោះ ៖
* ក្នុងឆ្នាំ២០២០ បានធ្វើសកម្មភាពលួចចំនួន ២០លើក រួមជាមួយបក្សពួកចំនួន ០៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ មានអាយុចន្លោះ ២០ឆ្នាំ ជិះម៉ូតូចំនួន ០២គ្រឿងម៉ាក SCOOPY និង C125 និងជិះកង់។ លួចបានប្រាក់ចំនួន ១៥ ០០០ ០០០រៀលទៅ១៦ ០០០ ០០០រៀល។ ក្រោយមកបក្សពួកទាំង ០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន (នៅសល់តែជនសង្ស័យម្នាក់)។
* ក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ជនសង្ស័យបានធ្វើសកម្មភាពលួចម្នាក់ឯងចំនួន ១៩លើក តាមផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ក្រុងសំពៅពូន និងក្រៅមូលដ្ឋាន (ចំនួនទឹកប្រាក់មិនចាំ)។
* ក្នុងឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាពលួចចំនួន ០៤លើក បានទឹកប្រាក់សរុបចំនួន ២ ៥០០ ០០០រៀល ក្នុងនោះ ៖
១៖ នៅផ្ទះវេរប្រាក់វីង ក្នុងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូនចំនួន ០១លើក។
២៖ នៅវត្តទួលវិហារ សង្កាត់សំពៅពូន ក្រុងសំពៅពូនចំនួន ០៣លើក។
* ក្នុងឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពលួចតាមវត្តចំនួន ០៨វត្ត (ស្មើ ១៣លើក) ក្នុងនោះ ៖
១៖ នៅវត្តពោធិយួន សង្កាត់ព្រែកស្តី ក្រុងសំពៅពូនចំនួន ០៥លើក បានទឹកប្រាក់ចំនួន ៣ ០០០ ០០០រៀល។
២៖ វត្តកោះអណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូនចំនួន ០២លើក បានទឹកប្រាក់ចំនួន ១០ ០០០ ០០០រៀល។
៣៖ វត្តឈើខ្មៅ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូនចំនួន ០១លើក បានទឹកប្រាក់ចំនួន ១ ០០០ ០០០រៀល ។
៤៖ វត្តដើមពោធិ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូនចំនួន ០១លើក បានទឹកប្រាក់ចំនួន ៨០០ ០០០រៀល។
៥៖ វត្តជ្រោយតាកែវ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូនចំនួន ០១លើក បានទឹកប្រាក់ច្រើនមិនចាំចំនួន។
៦៖ វត្តព្រែកអំបិល ស្រុកស្អាងចំនួន ០១លើក បានទឹកប្រាក់ចំនួន ៨០៥ ០០០រៀល។
៧៖ វត្តព្រែកឬស្សីខាងកើត ក្រុងតាខ្មៅចំនួន ០១លើក បានទឹកប្រាក់ចំនួន ២ ០០០ ០០០រៀល។
៨៖ វត្តព្រែកឬស្សីលិច ក្រុងតាខ្មៅចំនួន ០១លើក បានទឹកប្រាក់ ១០ ០០០ ០០០រៀល។
សរុបថវិកាបានលួចលើស ៥៥ ០០០ ០០០រៀល។
តាមចម្លើយរបស់ជនសង្ស័យ ពួកគេធ្លាប់ធ្វើសកម្មភាពលួចនៅក្នុងភូមិសាស្រ្តក្រុងសំពៅពូន ស្រុកស្អាង ស្រុកកោះធំ និងក្រុងតាខ្មៅ ហើយពេលលួចប្រាក់បាន យកទៅចែកក្មេងៗ និងចាស់ៗក្នុងភូមិ សល់ប៉ុន្មានលែងល្បែងពេលមានបុណ្យទានក្នុងភូមិ និងចាយវាយខ្លួនឯង។
ក្រោយពីបានធ្វើសកម្មភាពលួចរួច ជនសង្ស័យបានគេចទៅតាមបណ្តារាជធានី-ខេត្តមួយចំនួន រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់បាន នៅក្រុងសំពៅពូន។
បច្ចុប្បន្ន ជំនាញបានអនុវត្តតាមនីតិវីធីច្បាប់បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនិងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច និងកំពុងខិតខំស្រាវជ្រាវបន្តតាមរុករកចាប់បក្សពួកពាក់ព័ន្ធ។
រឿងនេះ ឪពុកម្ដាយចេញទៅធ្វើការនៅឆ្ងាយ ទុកឲ្យនៅជាមួយតាយាយ ! ខ្វះអ្នកគ្រប់គ្រងតាមដាន ថែទាំ !
សំណូមពរដល់ អាណាព្យាបាល ទាំងអស់ សូមតាមដានត្រួតពិនិត្យគ្រប់គ្រងមើលថែទាំ តម្រង់ផ្លូវកូនៗចៅៗឲ្យបានល្អ !
បង្ការ ទប់ស្កាត់ កុំឲ្យមានបញ្ហាដូចរឿងខាងលើ ស្មានមិនដល់ !
កុំឲ្យមានរឿងអាស្រូវ អស់សង្ឃឹម៕