(សៀមរាប)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រយៈពេល១០ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៣៧លាននាក់ ដែលសម្រេចបាន ១០១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ជាឆ្នាំកំពូលមួយដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្តីពី «គោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

លោក ហោ សារុន បានបញ្ជាក់ថា «តាមការវាយតម្លៃជារួម វិស័យទេសចរណ៍កម្ពុជា ត្រូវបានពង្រឹងភាពធន់ និងធ្វើឲ្យមានប្រសើរឡើងជាលំដាប់ ដោយរីកចម្រើននៅលើ ផ្លូវមួយត្រឹមត្រូវ ឆ្ពោះទៅ សម្រេចបានលទ្ធផលដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩ កើតឡើង ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ​ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ ចំនួន ៥.៣៧លាននាក់ ដែលសម្រេចបាន ១០១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ជាឆ្នាំកំពូលមួយដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ»។

លោកបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងថាមភាពក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ជា កោណដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានកំណត់ យ៉ាងច្បាស់នៅក្នុងបញ្ចកោណទី២ មុំទី១ ចំណុចទី៥ ដែលផ្តោតលើ «ការបន្តលើក កម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្ម ជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទ ផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ ធុរកិច្ច តាមរយៈ ការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និង ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា»។

ជាមួយគ្នានេះ លោក ហោ សារុន បានឲ្យដឹងថា ក្រសួងទេសចរណ៍ដែលមានលោក ហួត ហាក់ ជារដ្ឋមន្ត្រី បានកំណត់ចក្ខុវិស័យច្បាស់លាស់ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខប្រកប ដោយគុណភាពផ្តល់ភាពកក់ក្តៅ និងភាពជឿជាក់ដល់ភ្ញៀវទេសចរ ព្រមទាំង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ទាំងអស់ ដើម្បីសម្រេចបានការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ធានាបានចីរភាព និងបរិយាបន្ន។ លោករដ្ឋមន្ត្រី ក៏បានជំរុញឲ្យប្រជាពលរដ្ឋ គ្រប់រូបមិនថាជាជនជាតិខ្មែរ ឬបរទេស ឲ្យចូលរួមផ្សព្វផ្សាយតែព័ត៌មានវិជ្ជមានដើម្បី លើកកម្ពស់គោលដៅទេសចរណ៍ ស្របតាមពាក្យស្លោកថា «ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាដ៏សកម្មម្នាក់» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហោ សារុន សូមកោតសរសើរចំពោះក្រុមការងារនាយកដ្ឋាន សិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ ដែលបានខិតខំ និងសហការរៀបចំវេទិកានេះឡើង សមស្របតាមពេលវេលា និងសភាពការណ៍ជាក់ស្តែង។

លោក ហោ សារុន បានឲ្យដឹងថា គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បី៖

(១)៖ លើកកម្ពស់ការអនុវត្ត ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ តាមរយៈការកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានលើបរិស្ថាន និងសហគមន៍មូលដ្ឋាន (២)៖ ពង្រឹងការគ្រប់គ្រងគោលដៅ ទេសចរណ៍
(៣)៖ ពង្រឹងគោលនយោបាយទេសចរណ៍ប្រកបដោយនិរន្តរភាព
(៤)៖ ផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន
(៥)៖ ប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទេសចរណ៍ ប្រកបដោយនិរន្តរភាព តាមរយៈការចែករំលែកចំណេះដឹងទាក់ទងនឹងឧត្តមានុវត្តន៍គំនិតច្នៃប្រឌិត របកគំហើញថ្មីនៃការស្រាវជ្រាវ អនុសាសន៍បញ្ញវន្ត អ្នកស្រាវជ្រាវ វិស័យ ឯកជនក៏ដូចជាគោលនយោបាយរាជរដ្ឋាភិបាលទាក់ទងវិស័យទេសចរណ៍នៅកម្ពុជា។

លោក ហោ សារុន បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព វិស័យទេសចរណ៍ បានបង្ហាញតួនាទីយ៉ាងសំខាន់ របស់ខ្លួនក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ការលើក កម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកជាវិស័យអាទិភាពមួយ និងបានកំណត់គោលនយោបាយអភិវឌ្ឍច្បាស់លាស់ នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន៕