(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ចំនួន២៦គ្រួសារ ដែលមានដីទំនេរ មិនមែនជាលំនៅឋានរស់នៅអចិន្ត្រៃយ៍ ប្រភេទ (ខ) រងផលប៉ះពាល់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹង ក្នុងភូមិសាស្ត្រឃុំវាល ចាប់ពីចំណុចផ្សារក្បាលហុង រហូតដល់ក្រោមស្ពានអាកាស ខាងលិចស្ទឹងពោធិ៍សាត់ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានមកចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍លំនៅដ្ឋាន ទំហ៊ុំ៥x២០ម៉ែត្រ ជាការដោះស្រាយស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ។
ពិធីចាប់ឆ្នោតខាងលើ ត្រូវបានធ្វើឡើងនៅទីតាំងដីឡូតិ៍ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលត្រូវទទួលបានដីយ៉ាងច្រើនកុះករ។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា ភូមិសាស្ត្ររងផលប៉ះពាល់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំវាល នៃស្រុកកណ្តៀង នៅដំណាក់កាលនេះ មានប្រជាពលរដ្ឋ ចំនួន៥៦គ្រួសារ លើ៤ភូមិ គិតចាប់ពីចំណុចផ្សារក្បាលហុង រហូតមកដល់ក្រោមស្ពានអាកាស ក្នុងនោះ៖ ភូមិពោធិ៍កំបោរ ៣៥គ្រួសារ, ភូមិវាល ០៩គ្រួសារ, ភូមិក្បាលហុង ០៦គ្រួសារ, ភូមិពោធិ៍ដំណាក់ ០៥គ្រួសារ និងបញ្ចូលថែម ០១គ្រួសារទៀត ដែលបានទទួលយកគោលនយោបាយពីមុនរួច ស្ថិតនៅភូមិបឹងយា។
លោកអភិបាលស្រុកបន្តថា ប្រភេទដី និងផ្ទះរងផលប៉ះពាល់ ត្រូវបានក្រុមការងារគណៈកម្មការ បានចុះពិនិត្យ និងសម្រិតសម្រាំងយ៉ាងល្អិតល្អន់ ដោយបានធ្វើការបែងចែកជា ២ប្រភេទគឺ៖
ទី១៖ ប្រភេទ (ក) សំដៅលើបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាន និងរស់នៅជាអចិន្ត្រៃយ៍
ទី២៖ ប្រភេទ (ខ) សំដៅលើបងប្អូនប្រជាពលរដ្ឋ ដែលមានដីទំនេរ ឬដីដាំដំណាំ រោង ឬលំនៅឋានផ្សេងៗ ដែលមិនមែនជាលំនៅឋានរស់នៅជាអចិន្ត្រៃយ៍។
លោក ណារ៉ា ចំរើន បន្ថែមថា ដោយមានការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នោះ ថ្នាក់ដឹកនាំបានសម្រេចផ្តល់ដីឡូតិ៍០១កន្លែង ស្ថិតនៅក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ដោយប្រភេទ (ក) ចំនួន៣០គ្រួសារ នឹងត្រូវទទួលបានដីទំហ៊ុំ ៨x២០ម៉ែត្រ និងប្រភេទ (ខ) ចំនួន២៦គ្រួសារ នឹងត្រូវទទួលបានដីទំហ៊ុំ ៥×២០ម៉ែត្រ។ ជាក់ស្តែងដូចថ្ងៃនេះ គឺចាប់ឆ្នោតផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋ ប្រភេទ (ខ) ចំនួន២៦គ្រួសារ ស្មើនឹង០៤ភូមិ។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រូបលោកបានប្ដេជ្ញាចិត្ត រួមគ្នាជាមួយលោក កែវ រតនៈ ថាធ្វើឱ្យខេត្តពោធិ៍សាត់ ប្រែប្រួលមុខមាត់ជាប្រវត្តិសាស្ត្រ ដោយត្រូវរៀបឱ្យមានសោភ័ណភាព អនាម័យ បរិស្ថាន ការរស់នៅប្រកបដោយផាសុកភាព និងមានសណ្ដាប់ធ្នាប់ល្អ។ លោកបន្តថា ក្នុងអាណត្តិដឹកនាំរបស់លោក ចាប់ផ្តើមមុនគេ គឺការរៀបចំច្រាំងស្ទឹង ចាប់ពីចំណុចចុងកោះត្រើយម្ខាង និងជំហ៊ានបន្ទាប់នេះ ចាប់ពីចំណុចផ្សារក្បាលហុង រហូតដល់ក្រោមស្ពានអាកាស និងបន្តរៀបចំបន្តបន្ទាប់ទៀត ក្នុងគោលបំណងរួម គឺដើម្បីរៀបចំឱ្យប្រជាជនខេត្តពោធិ៍សាត់ មានមុខមានមាត់ដូចខេត្តដ៏ទៃ។
លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលដឹកនាំខេត្ត បានជាង២ឆ្នាំមកនេះ លោកមិនដែលយកម៉ោងពេលវេលាទំនេរ សម្រាប់នៅជាមួយក្រុមគ្រួសារនោះទេ ពោលគឺធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើន ជាក់ស្តែងដូចជាផ្លូវវាងក្រុង ត្រូវបានយកចិត្តទុកដាក់រៀបចំភ្លើងលម្អ និងមានអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ល្អ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអ្នកវិនិយោគជិតឆ្ងាយ ចូលមកទស្សនាកម្សាន្ត និងចង់បណ្តាក់ទុកក្នុងខេត្តយើង។ សម្រាប់ច្រាំងស្ទឹងដែលត្រូវរៀបចំនេះទៀតសោធ ក៏បានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ អាចលក់ដូរ ហាត់ប្រាណ និងស្រស់ស្រូបយកខ្យល់អាកាសបានទៀតផង។
ជាមួយគ្នានោះ លោក ខូយ រីដា ក៏សូមថ្លែងអរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ចំនួន២៦គ្រួសារ
ដែលរងផលប៉ះពាល់នៃគម្រោងច្រាំងស្ទឹង មានការយោគយល់ និងយល់ព្រមចាកចេញ ហើយទទួលយកគោលនយោបាយសម្បទានដីឡូតិ៍ ដែលលោកបានរៀបចំ មានផ្លូវ ទឹក ភ្លើង និងប្រព័ន្ធលូគ្រប់គ្រាន់ ពិសេសមានប្លង់កម្មសិទ្ធតកូនតចៅផងដែរ៕