(ព្រះសីហនុ)៖ ករណីអំពើហិង្សាដេញវាយគ្នាពេញផ្លូវយ៉ាងអនាធិបតេយ្យ នៅម្ដុំឃ្លាំងលើស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានកម្លាំងស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវចាប់ខ្លួនមនុស្ស១០នាក់ សុទ្ធតែជនជាតិខ្មែរ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងល្បាតរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការក្រុងព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាល ជាតិ និងស្នងការនគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១០នាក់ និងវត្ថុតាងមួយចំនួនយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំតាមនីតិវិធី។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រៅពីការចាប់ខ្លួនមនុស្សទាំង១០នាក់ សមត្ថកិច្ចដកហូតបាន ដំបងទីប ចំនួន២ដើម, ទូរស័ព្ទដៃ ចំនួន៤គ្រឿង និងនាឡិកាដៃ ចំនួន១គ្រឿង។ បច្ចុប្បន្ន ដោយអ្នករងរបួសម្នាល មានសភាពរបួសធ្ងន់ធ្ងរ ពេកត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
ចំពោះអ្នកពាក់ព័ន្ធវត្ថុតាង ក្នុងករណីខាងលើការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្ថែម៕