(ព្រះសីហនុ)៖ នៅវេលាម៉ោង ២២៖១៥នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលព័ត៌មានមកថា មានករណីហិង្សាកើតឡើងនៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ភ្លាមនោះកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២ក្រុម (ក្រុមទី១ មានគ្នា២នាក់ និងក្រុមទី២ មានគ្នា៦នាក់) ព្រមទាំងវត្ថុតាង មួយចំនួន យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្ភារដកហូតបានរួមមាន៖
*កាំបិតផ្គាក់ ចំនួន១ (ដងឈើ)
*ដាវដែក ចំនួន១
*ម៉ូតូ ១គ្រឿង ម៉ាក Honda Dream សេរី២០២០ ពណ៌ក្រហម គ្មានផ្លាកលេខ
*សម្ភារផ្សេងៗមួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី បាននាំគ្នាជិះម៉ូតូទៅលេងនៅភូមិថ្មី។ ពេលទៅដល់ឈ្មោះ សៀន សុខជា បានរោទិ៍សម្លេងម៉ូតូខ្លាំងៗ។ ឈ្មោះ អ៊ីហ្គេត (បក្ខពួកក្រុមទី២) ដែលមានគ្នា៤នាក់ បានស្រែកឌឺដងដាក់ឈ្មោះ សៀន សុខជា ដោយឈរកាន់កាំបិតបុ័ងតោ។
បានមួយសន្ទុះឈ្មោះ អ៊ី ហ្គេត ជិះម៉ូតូចេញពីទីតាំងដែលឈរមកផ្សារភូមិថ្មីដែរស្របពេលឈ្មោះ សៀន សុខជា ត្រឡប់មកវិញ ឃើញជិះម្នាក់ឯងក៏បានជិះប្រដេញ។ ឈ្មោះ អ៊ីហ្គេត ក៏ត្រឡប់មកគោលដៅដែលខ្លួនឈរ រួចផ្ដួលម៉ូតូ ស្រែកឲ្យបក្ខពួកជួយឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី ក៏ចុះពីលើម៉ូតូស្ទុះទៅវាយឈ្មោះ អ៊ីហ្គេត។
ឈ្មោះ ម៉ម សាមិត្ត ឈ្មោះ ប៊ុនថាវ លិលិ ឈ្មោះ ហ៊ឹម សាល ឈ្មោះ ខន តុលា ឈ្មោះ សៅសុខ មករាណារ៉ុង ឈ្មោះ ចេង ពិសិដ្ឋ ឈ្មោះ ត្រប់ និងឈ្មោះ ងោល ដែលឈនៅទីនោះ ស្ទុះទៅវាយឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី។ បន្ទាប់មកឈ្មោះ អ៊ីហ្គេត និងឈ្មោះ ម៉ម សាមិត្ត បានរត់ទៅយកកាំបិតផ្គាក់ និងដាវ ដែលលាក់នៅបង្គោលភ្លើង ដេញកាប់ទៅឈ្មោះ សៀន សុខជា និងឈ្មោះ ផល សាវី ប៉ុន្តែកាប់មិនត្រូវទើបឈ្មោះ អ៊ីហ្គេត ឈ្មោះ ម៉ម សាមិត្ត ឈ្មោះ ត្រប់ និងឈ្មោះ ងោល កាប់បំផ្លាញម៉ូតូវិញ។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី៕