(ឧត្តរមានជ័យ)៖ អភិបាលស្រុកចុងកាល់ថ្មី ខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយលោក លី រដ្ឋា អតីតនាយករងរដ្ឋបាលសាលាខេត្ត ជំនួសលោក រិទ្ធី ប៉ាក់ អតីតអភិបាលស្រុក ដែលត្រូវផ្ទេរភារកិច្ចតែងតាំងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ។

ពិធីនេះស្ថិតក្រោមវត្តមានលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ទូទាំងស្រុកចុងកាល់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនោះលោក មាន ចាន់យ៉ាដា បានស្វាគមន៍ និងអបអរសាទរចំពោះលោក លី រដ្ឋា ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលស្រុកចុងកាល់ និងសូមអបអរសាទរលោក រិទ្ធី ប៉ាក់ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តផ្ទេរភារកិច្ច តែងតាំងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ។

អភិបាលខេត្ត បានផ្តាំផ្ញើលោកអភិបាលស្រុកចុងកាល់ ដែលទើបនឹងប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីនាពេលនេះ ត្រូវបន្តខិតខំចូលរួមការដោះស្រាយ និងទទួលយកសំណូមពរបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យបានលឿន និងមានប្រសិទ្ធភាព ស្របតាមស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។

អភិបាលខេត្តឧត្តរមានជ័យ បានបន្តថា «ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំត្រូវចុះផ្ទាល់ដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ បានដឹងពីបញ្ហាទុក្ខកង្វល់ នានារបស់គាត់ ដើម្បីរកនីតិវិធីដោះស្រាយ និងធ្វើការអភិវឌ្ឍក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យថែមទៀត»

លោក មាន ចាន់យ៉ាដា បានណែនាំអភិបាលស្រុកចុងកាល់ថ្មី ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្តៃក្នុងអង្គភាពឱ្យបានល្អ ពិសេសសហការល្អជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យការងាររបស់រដ្ឋបាលស្រុក កាន់តែទទួលជោគជ័យ និងបន្តបង្រ្កាបទប់ស្កាត់រាល់បញ្ហាបទល្មើសនានាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ បទល្មើសល្បែងស៊ីសងខុសច្បាប់ និងបញ្ហាក្មេងទំនើង ដែលតែងតែបង្កការអុកឡុកប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន៕