(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ជាដាច់ខាតដល់កងកម្លាំងនៅទីបញ្ជាការស្រាល ត្រូវថែរក្សាធនធានធម្មជាតិព្រៃលិចទឹកនិងដីតំបន់៣ ឱ្យខាងតែបាន។

លោក សាយ គឹមឡម បានបញ្ជាដូច្នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ និងប្រេងសាំងដល់កងកម្លាំងដែល ប្រចាំការនៅទីបញ្ជាការស្រាលក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា ដើម្បីឱ្យកិច្ចការនេះបានរលូនប្រកបដោយប្រសិទ្ធភាព យើងទាំងអស់គ្នាត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងតាមដានរាល់សកម្មភាពទាំងឡាយរបស់ជនឆ្លៀតឱកាស មេខ្យល់ទុច្ចរិត និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

អភិបាលស្រុកបានអំពាវនាវប្រជាពលរដ្ឋ និងកសិករនៅក្នុងមូលដ្ឋានសូមចូលរួមថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិ ព្រៃលិចទឹក និងដីតំបន់បីទាំងអស់គ្នា ដែលជាតំបន់ហាមឃាត់ និងជាតំបន់អភិរក្សរបស់រាជរដ្ឋាភិបាល ជាពិសេសការពារជំរកត្រីពង និងជីវៈជម្រុះ និងជាទ្រនាប់ការពារបឹងទន្លេសាប ជាពិសេសកុំរំលោភបំពានថ្មីៗ ឬចាញ់បោកជនឆ្លៀតឱកាសនានាដែលជាហេតុនាំឱ្យខាតបង់ប្រយោជន៍ ឬជាប់ទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ដើម្បីឱ្យការការពារធនធានធម្មជាតិនៅតំបន់៣ មានប្រសិទ្ធភាព ស្រុកស្ទោង បានបង្កើតទីបញ្ជាការស្រាលថ្មីបន្ថែមមួយទៀត ដែលពេលនេះរួមមាន៥ទីតាំង ដែលស្ថិតនៅក្នុង ឃុំសុំព្រោជ មួយទីតាំង ឃុំប្រឡាយ មួយទីតាំង ឃុំចំណាក្រោម ២ទីតាំង និងឃុំម្សាក្រង មួយទីតាំង៕