(ភ្នំពេញ)៖ លោកស្រី សេង សុមេត្តា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៉ីប៉ូតែក និងបញ្ចាំ ដែលអនុវត្តនៅភ្នំពេញ និងសៀមរាប មានអ្នកចុះឈ្មោះប្រើប្រាស់សេវាជាង១ពាន់គណនី។
ការបញ្ជាក់របស់លោកស្រី ធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការដាក់ឱ្យប្រើប្រាស់សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំតាមប្រព័ន្ធអនឡាញ» ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តទាំង២៥ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។
គួរជម្រាបជូនថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ, ក្រសួងរៀបចំដែនដី តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីបង្ហើយ, សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ ហើយក៏ដើម្បីឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
ក្នុងការអនុវត្តនូវគោលនយោបាយសេវាគាប់ចិត្ត ក្រសួងបាននិងកំពុងប្រែក្លាយការផ្ដល់សេវាសាធារណៈ ទៅជាប្រព័ន្ធឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត តួយ៉ាងដូចជាសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត។
ទន្ទឹមនោះ រាជធានីភ្នំពេញ គឺជាទីតាំងដំបូងគេបង្អស់ ដែលសេវាសាធារណៈទាំង៤ខាងលើនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងតាមប្រព័ន្ធអនឡាញដោយជោគជ័យ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយក៏បានបន្តដាក់ឱ្យប្រើប្រាស់ ក្នុងភូមិសាស្រ្តខេត្តសៀមរាប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មានអ្នកចុះឈ្មោះប្រើសេវាសរុបចំនួន ១,៨៦០គណនី ហើយមានការប្រើប្រាស់សេវាសាធារណៈអនឡាញនេះ សរុបចំនួន ១៣,៧៥៧លើក។ ក្នុងនោះ ចាប់ពីខែសីហា ដល់ខែធ្នូនេះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការប្រើប្រាស់ចំនួន ១៣,៥៤៩លើក ដោយសេវាលក់/អំណោយផ្ដាច់មានចំនួន ៧,៦០៤លើក, ហ៊ីប៉ូតែកចំនួន ៤,២៦៩លើក និងលុបបន្ទុកចំនួន ១,៦៧៦លើក។ ចំណែកនៅខេត្តសៀមរាប ចាប់ពីដើមខែវិច្ឆិកាមក មានការប្រើប្រាស់សរុបចំនួន ២០៨លើក ដោយសេវាលក់/អំណោយផ្ដាច់មានចំនួន ១០៩លើក, ហ៊ីប៉ូតែកចំនួន ៧១លើក និងលុបបន្ទុកចំនួន ២៨លើក៕