(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានចូលរួមរំលែកទុក្ខ និងបង្ហាញការសោកស្តាយចំពោះដំណឹងមរណភាពរបស់លោក ឈឿង ឈឹង ដែលជាអ្នកសារព័ត៌មាន បន្ទាប់ពីជនសង្ស័យលបលួចបាញ់ដោយកាំភ្លើងកែច្នៃ នៅស្រុកជីក្រែង ខេត្តសៀមរាប។

លោក ទេព អស្នារិទ្ធ បានថ្លែងថា ចំពោះដំណឹងមរណភាពនេះ គឺជាករណីអកុសលមួយដែលបានកើតឡើងចំពោះអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្មនៅនៅក្នុងមូលដ្ឋានខេត្តសៀមរាប។ ហើយនៅពេលដែលជនរងគ្រោះត្រូវបានជនសង្ស័យលបបាញ់ភ្លាមៗ គឺរដ្ឋបាលខេត្តសៀមរាប ក៏ដូចអាជ្ញាធរពាក់ព័ន្ធ និងមានការចូលរួមពីមន្ទីរព័ត៌មាន ខេត្តសៀមរាប បញ្ជូនលោក ឈឿង ឈឹង ទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

លោកបានបន្ថែមថា បើទោះបីជាក្រុមគ្រូពេទ្យជំនាញព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពរបស់ជនសរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ និងមានការប៉ះពាល់ជាច្រើនកន្លែង រហូតធ្វើឱ្យគាត់បាត់បង់ជីវិត។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ៗថា ក្រសួងព័ត៌មាន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីរបស់អ្នកសារព័ត៌មាន ដោយបានបន្តលើកស្ទួយសេរីភាពខាងផ្នែកសារព័ត៌មាន ដែលបានការពារ និងផ្តល់ដោយច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ព្រមទាំងបាននឹងបន្តផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការប្រកបអាជីពជាអ្នកសារព័ត៌មាន នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។

លោក ទេព អស្នារិទ្ធ ក៏បានសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងប្រកបអាជីពជាអ្នកសារព័ត៌មាន សូមប្រកាន់ គោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសូមកុំពាក់ព័ន្ធនឹងទង្វើដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្តសកម្មភាពការងាររបស់ខ្លួនដោយមិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្តីពីរបបសារព័ត៌មាន បានកំណត់ឱ្យអ្នកសារព័ត៌មាននោះទេ។ លោកថា អ្នកសារព័ត៌មាន សូមកុំពាក់ព័ន្ធជាមួយនឹងអំពើដែលច្បាប់បានហាមឃាត់ ដូចជាការកំហែងទារ ឬទង្វើផ្សេងទៀតដែលវាប្រាសចាកនឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន នៅក្នុងក្របខណ្ឌក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏សូមអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា សូមផ្តល់ការគាំទ្រ និងជួយសម្របសម្រួលដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងតែអនុវត្តន៍ការងាររបស់ខ្លួន ដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានអាចទទួលបាននូវការផ្តល់កិច្ចសហការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានពីប្រទេសកម្ពុជា ឱ្យពិភពលោកបានដឹង បានស្គាល់ពីការពិត និងជួយលើកកម្ពស់ចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាឱ្យបានរីកចម្រើនបន្ថែមទៀត។

គួរឱ្យដឹងថា លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ដោយផ្ដើមចេញពីទំនាស់ផ្ទាល់ខ្លួននោះ បានទទួលមរណភាពនៅយប់ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។

លោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» បានរបួសធ្ងន់ក្រោយមានជនដៃដល់លួចបាញ់ប្រហារ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ក្រោយទទួលបានព័ត៌មាននៃអំពើឃាតកម្មនេះ ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជនដៃដល់ឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា ជនដៃដល់រូបនេះបានប្រើកាំភ្លើងកែច្នៃ ដើម្បីបាញ់ជនរងគ្រោះ។ បើតាមលោកស្នងការ, ករណីបាញ់ប្រហារនេះកើតឡើងដោយសាររឿងទំនាស់បុគ្គល មិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីផ្សេងនោះឡើយ។

បច្ចុប្បន្ននេះ សំណុំរឿងធ្វើឃាតលើអ្នកសារព័ត៌មានខាងលើនេះកំពុងតែស្ថិតនៅក្នុងក្របខណ្ឌនៃការអនុវត្តនីតិវិធីច្បាប់របស់តុលាការខេត្តសៀមរាប៕