(ភ្នំពេញ)៖ នំចាម្ប៍ និងសិល្បៈចម្រៀងវាយស្គរបែបបុរាណប្រពៃណីជនជាតិចាម្ប៍តាំងបុរាណកាលមក ត្រូវបានក្រុមយុវជនវប្បធម៌ចាម្ប៍ បានរៀបចំតាំងបង្ហាញ និងប្រគុំយ៉ាងពិរោះរណ្ដុំ នៅមជ្ឈមណ្ឌលបុប្ផា កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ ការដាក់តាំងបង្ហាញនេះ ត្រូវបានគេប្រសិទ្ធនាមថា «ទិវានំប្រពៃណីចាម្ប៍ លើកទី៣ ឆ្នាំ២០២៤»។

អ្នកស្រី ម៉ៃ សំ តំណាងក្រុមយុវជនចាម្ប៍ បានឱ្យដឹងថា ការរៀបចំទិវានេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ចាម្ប៍ និងឆ្លុះបញ្ចាំងពីភាពសម្បូរបែបផ្នែកវប្បធម៌ ចម្រុះរបស់ប្រទេសកម្ពុជា ដែលកម្ពុជាពិតជាកន្លែងសន្តិភាព សម្បូរសប្បាយ មានវប្បធម៌ចម្រុះល្អឯក ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងស្គាល់ពីវប្បធម៌សិល្បៈចម្រុះយ៉ាងច្រើន ដែលប្រៀបបាននឹងសួនផ្កាដ៏ស្អាតពោរពេញទៅផ្កាស្រស់ស្អាតគ្រប់ប្រភេទបែបនោះដែរ។

អ្នកស្រីបានបន្តថា «ពួកយើងបាននាំមកនូវការដាក់តាំងបង្ហាញនូវស្នាដៃនំ និងដាក់ឱ្យភ្លក់ពិសារបានសេរីផងដែរនូវនំមួយប្រភេទឈ្មោះថា ធ្វើនំលគ្រាំ និងបង្ហាញនំ៥មុខផ្សេងទៀត ដែលនាំយកពីខេត្តកំពង់ឆ្នាំង និងត្បូងឃ្មុំ ដែលសុទ្ធសឹងជានំប្រពៃណីរបស់សហគមន៍ចាម្ប៍តែងធ្វើសម្រាប់ពិសា ពិសេសនៅពេលមានបុណ្យទានសំខាន់ៗ ដែលនំទាំងនោះឈ្មោះថា៖ នំហៅប៉ាក់ (នំផ្កា), នំតប៉ៃជាល (នំសំបុកចាប), នំតាប៉ៃហ្គាស់, នំក្រាម និងនំលគ្រាំ»។

អ្នកស្រីដាក់ក្ដីសង្ឃឹមខ្ពស់ការគាំទ្រ និងសង្ឃឹមថា ថ្នាក់ដឹកនាំនឹងជួយគាំទ្រចំពោះកិច្ចការនេះ ដើម្បីក្រុមការងារនឹងមានលទ្ធភាពរៀបចំពិធីនេះបន្តទៀត និងកាន់តែអធិកអធមជាងមុនផងដែរ៕