(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានព្រមានចាត់វិធានការផ្លូវច្បាប់លើរោងចក្របោកគក់របស់ជនជាតិចិនឈ្មោះ «Wansheng (Cambodia) Textile & Laundry Co., Ltd» មានទីតាំងស្ថិតនៅ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង។
ការព្រមាននេះដោយសារតែរោងចក្រខាងលើ បានបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយលេខ៦១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង ដែលបានបង្កការប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋចំនួន១២ឃុំ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះមើលផ្ទាល់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានចេញលិខិតលេខ ៣៨៥ ស.ជ.ណ ប.ស្ថ ជូនប្រធានក្រុមហ៊ុន Wansheng (Cambodia) Textile & Laundry Co., Ltd ឲ្យកែប្រែលើការបំពុលបរិស្ថាន និងតម្រូវឱ្យបំពាក់ប្រព័ន្ធឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់តាមដានការបញ្ចេញសំណល់រាវម្ដងរួចទៅហើយ។
ឆ្លើយតបនឹងបញ្ហាខាងលើ និងដើម្បីជំរុញការអនុវត្តវិធានការទប់ស្កាត់ការបំពុលបរិស្ថាន មានប្រសិទ្ធភាព ក្រសួងបរិស្ថាន សម្រេចដាក់ចេញវិធានការចំពោះក្រុមហ៊ុនអនុវត្តត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ដោយផ្ទាល់ចូលទៅប្រឡាយសាធារណៈ ទោះក្នុងរូបភាពណាក៏ដោយ៕