(កណ្តាល)៖ មន្ត្រីជំនាញជលផល ដែលប្រចាំការនៅដាយត្រីលេខ១៣ ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានអះអាងថា នៅឆ្នាំនេះ បរិមាណទិន្នផលត្រីប្រហុក មានសន្ទុះកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារតែឆ្នាំនេះទឹកធំ និងសកម្មភាពបង្ក្រាបបទល្មើសនេសាទ បានល្អ។
លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រចាំការនៅដាយត្រីលេខ១៣ ដែលជាដាយត្រីរបស់រដ្ឋ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះថា ឆ្នាំនេះត្រីចាប់ផ្តើមត្រូវ ចាប់ពីថ្ងៃ ៦កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានបរិមាណច្រើនជាងឆ្នាំកន្លងទៅ ដោយលោកវាយតម្លៃបឋមថា អាចកើនប្រហែល ១០ភាគរយ។
លោកបន្តថា សម្រាប់តម្លៃត្រីប្រហុកវិញ ឆ្នាំនេះក៏ធូរថ្លៃជាងឆ្នាំកន្លងៗទៅផងដែរ បើបងប្អូនទិញនៅទីតាំងដាយត្រីផ្ទាល់ តម្លៃប្រមាណ ៧០០រៀល ទៅ៩០០រៀលក្នុង ១គីឡូក្រាម។
ជាមួយគ្នានេះ មន្ត្រីជលផលរូបនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រញាប់រួតរះអញ្ជើញមកធ្វើត្រីប្រហុក ផ្អក សម្រាប់ទុកពិសា ទាន់ត្រីនៅត្រូវ ព្រោះសល់តែប្រហែល ៤-៥ថ្ងៃទៀតប៉ុណ្ណោះត្រីនឹងលែងត្រូវហើយ ដោយត្រូវរង់ចាំដល់ខ្នើតក្រោយ ទើបត្រីត្រូវម្តងទៀត។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកទិញត្រីធ្វើប្រហុក នៅតាមគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋវិញ សង្កេតឃើញថាពួកគាត់ចាប់ផ្តើមមកទិញត្រីប្រហុកបណ្តើរៗហើយ ដោយមានទឹកមុខរីករាយពេលឃើញត្រីត្រូវច្រើន និងតម្លៃធូរជាងឆ្នាំមុនៗ។ ពួកគាត់អះអាងថា ត្រីដែលពួកគាត់ទិញពីអ្នកយកបន្តពីដាយត្រីផ្ទាល់ មកដល់នៅមាត់ទន្លេ ចន្លោះពី១១០០រៀល ទៅ១៣០០រៀលទៅតាមប្រភេទ និងគុណភាពត្រី៕
សូមទស្សនាកិច្ចសម្ភាសផ្ទាល់រវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោក ឈុន ហាំងតុង និងបងប្អូនប្រជាពលរដ្ឋ៖