(ភ្នំពេញ)៖ លោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញផ្សាយជាផ្លូវការសៀវភៅចំនួន ២ក្បាល រួមមាន «បច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌ» និង «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ»

សៀវភៅ «បច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌ» និង «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ» គឺជាស្នាដៃស្រាវជ្រាវផ្ទុកទៅដោយទ្រឹស្តីបទ និងការអនុវត្ត ដែលត្រូវបានសរសេរឡើងដោយលោក សាន ប៊ុនធឿន ដើម្បីចូលរួមការកសាងមូលធនមនុស្ស ស្របតាមទិសដៅអាទិភាពកម្មវិធីនយោបាយ «មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា»

មូលហេតុនៃការចេញផ្សាយសៀវភៅនេះ ព្រោះអ្នកនិពន្ធយល់ថា «ការចែករំលែកនូវពុទ្ធិ ជាគុណធម៌របស់អ្នកសិក្សាស្រាវជ្រាវគ្រប់គ្នា និងជាកិច្ចគួរធ្វើ»

អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងអាន អាចជាវបានក្នុងតម្លៃ ១ម៉ឺនប៉ុណ្ណោះ ក្នុងមួយក្បាល។ ចំពោះ សមណនិស្សិត និងនិស្សិតដែលមានលទ្ធភាពលំបាក នឹងត្រូវបានប្រគេន និងជូនដោយឥតគិតថ្លៃ។

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និង បណ្តាញទំនាក់ទំនង CoolApp ទទួលបានសៀវភៅដ៏ល្អខាងលើនេះចំនួន៥០០ក្បាល ពីលោក សាន ប៊ុនធឿន ហើយក៏នឹងប្រកាសចែកជូនដល់បងប្អូន ដែលត្រូវការសម្រាប់ការអាន និងសម្រាប់ការសិក្សាស្រាវជ្រាវ៕