(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៤៣គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ពីផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋនៅឃុំចំនួន ៦ រួមមាន៖ ឃុំសំរ៉ុង, ឃុំវាលរេញ, ឃុំជើងគោ, ឃុំសាមគ្គី, ឃុំទឹកល្អក់, និងឃុំទឹកថ្លា ក្នុងនោះផ្ទះដែលរងការខូចខាតពីខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះចំនួន ២ខ្នង និងប៉ើងដំបូលចំនួន ៤៤១ខ្នងផ្ទះ សរុបចំនួន ៤៤៣ខ្នងផ្ទះ។

ដើម្បីចូលរួមរំលែកការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ក្រៅពីអំណោយដ៏ថ្លៃថ្លា លោក ម៉ាង ស៊ីណេត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងចូលរួមការសោកស្តាយប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ ក្នុងស្រុកព្រៃនប់ ដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់បំផ្លាញលំនៅដ្ឋាន និងប៉ើងដំបូលផ្ទះ។

ក្នុងពេលវេលាជួបទុក្ខលំបាកនេះដែរ អាជ្ញាធរស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃនប់ និងអនុសាខាកាកបាទក្រហមស្រុក បានយកចិត្តទុកដាក់ជួយជាស័ង្កសី សម្រាប់សម្រួលការលំបាករបស់បងប្អូនរងគ្រោះបានមួយជំហានផងដែរ ព្រោះជារៀងរាល់ឆ្នាំឃុំមួយចំនួនក្នុងស្រុកព្រៃនប់ តែងតែរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅចុងរដូវរំហើយ ហើយក្រុមការងារក៏បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបាននាំយកអំណោយរបស់កាកបាទក្រហម ចែកជូនបានទាន់ពេលវេលា។

ជាមួយគ្នានេះ ប្រធានសាខាខេត្ត បានអរគុណក្រុមការងារថ្នាក់ខេត្ត, ស្រុក និងអ្នកពាក់ព័ន្ធ ដែលបានសហការគ្នា រៀបចំជាអំណោយបានទាន់ពេលវេលា ជាការងារមនុស្សធម៌មួយ ដែលបានធ្វើការលះបង់គ្រប់បែបយ៉ាងសម្រាប់ជួយគ្នាក្នុងគ្រាក្រ ជួយគ្នាក្នុងគ្រាលំបាក ស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីការលំបាក ជិត ឬឆ្ងាយ មានព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះដោយមិនរួញរាឡើយ ជាគោលដៅរួមចំណែកជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តនូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរងគ្រោះ គ្រួសាររងគ្រោះ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលមានជំងឺប្រចាំកាយជាដើម។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤៤៣គ្រួសារ នាពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល។ ដោយឡែក ប្រជាពលរដ្ឋរលំផ្ទះចំនួន២ខ្នង ទទួលបានតង់១ ធុងទឹក១ សម្ភារៈផ្ទះ បាយ១ឈុត និងថវិកា ១លានរៀល៕