(ព្រះសីហនុ)៖ អគារសិក្សាថ្មី ១ខ្នង ស្មើ៥បន្ទប់ នៅអនុវិទ្យាល័យសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

ពិធីនេះក៏ធ្វើឡើងដោយមានការចូលរួមពី ក្រុមគ្រួសារសប្បុរសធ៌មឧបាសិកា ភូ ស៊ុនស៊ុយ អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ ប្រធានមន្ទីរ អង្គភាព អាជ្ញាធរឃុំ ស្រុកព្រៃនប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ម៉ាង ស៊ីណេត បានធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

លោកអភិបាលខេត្ត បានចែករំលែកនូវបទពិសោធន៍ទៀតថា ភាពជោគជ័យ វាកើតឡើងបានដោយសារពីជោគជ័យតូចជាច្រើនបូកបញ្ចូលគ្នា។ យើងជាយុវជនជំនាន់ក្រោយ ត្រូវដាក់គោលដៅរបស់ខ្លួន ដើម្បីកុំឱ្យមានការស្តាយក្រោយ ព្រោះយើងមានឱកាស ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ម្យ៉ាងទៀត ដើមហេតុនៃបរាជ័យ គឺជាភាពខ្ចិលច្រអូស ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ។

គួរបញ្ជាក់ដែរថា អគារសិក្សាថ្មី ១ខ្នងនេះ កសាងដោយក្រុមគ្រួសារឧបាសិកា ភូ ស៊ុនស៊ុយ នៅក្នុងអនុវិទ្យាល័យ សំរ៉ុង ដែលចំណាយថវិកាអស់ចំនួន ១២៥ ១០៧ដុល្លារអាមេរិក៕