(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិបតី​បើក​ការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាងសង់នៅតាមបណ្តោយមហាវិថី​មិត្ត​ភាព​ភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើផ្ទៃ​ដីស​រុបជាង ២ម៉ឺនម៉ែត្រការ៉េ ក្នុងនោះដីសាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រការ៉េ។ អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដីផងដែរ។ អគារនេះ មានទំហំសរុបជិត៣ម៉ឺនម៉ែត្រការ៉េ ប្រើពេលសាងសង់២៨ខែ ប្រើប្រាស់ថវិកាប្រមាណជិត៦៧លានដុល្លារអាមេរិក។

គម្រោងអគារមន្ទីរពេទ្យត្រូវបានគិតគូរ និងបែងចែកការប្រើប្រាស់ដូចខាងក្រោម៖

* ជាន់ក្រោមដី៖ ប្រើជាឃ្លាំងកណ្តាល បន្ទប់រក្សាសាកសព ផ្នែកអគ្គីសនី ទឹក និងមេកានិច ផ្នែកអនាម័យបោកគក់ និងសម្លាប់មេរោគ ផ្នែកជួសជុលថែទាំសម្ភារៈបរិក្ខារ ផ្នែកឱសថស្ថាន​សម្រាប់ជំងឺសំរាកពេទ្យ និងអាហារដ្ឋានសម្រាប់បុគ្គលិក
* ជាន់ផ្ទាល់ដី៖ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅចំនួន៣២បន្ទប់ ផ្នែកសង្គ្រោះ បន្ទាន់ចំនួន ២២គ្រែ ផ្នែកឱសថស្ថានសម្រាប់ជំងឺក្រៅ និងកន្លែងទទួលភ្ញៀវ
* ជាន់ទី១៖ ​ ផ្នែកកោសិកាកាយវិភាគវិទ្យា មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ផ្នែកពិនិត្យអង់ដូស្កុប ផ្នែក​ពិគ្រោះជំងឺក្រៅចំនួន២៣បន្ទប់ កៅអីពិនិត្យធ្មេញចំនួន៥កៅអី ផ្នែកលាងឈាម មជ្ឈ​មណ្ឌល​បណ្តុះបណ្តាលជំនាញបន្ត ឬ ហៅថា Simulation Center (មាន៤បន្ទប់ដែលមាន Virtual Reality Simulator និង ១បន្ទប់សំរាប់ ACLS simulator)
* ជាន់ទី២៖ ផ្នែកប្រពោធនកម្ម (ICU) ចំនួន១៥គ្រែ ផ្នែកសល្យសាស្រ្តដែល​មានបន្ទប់​វះកាត់​ធម្មតាចំនួន ៥បន្ទប់ បន្ទប់វះកាត់សិបទិកចំនួន១បន្ទប់ បន្ទប់សិក្សាវះកាត់ផ្ទាល់ចំនួន១បន្ទប់ (Live Surgery Conference Room)
* ជាន់ទី៣៖ ផ្នែកសម្ភពនិងរោគស្រ្តីចំនួន២២គ្រែ ផ្នែកទារកចំនួន១០គ្រែ ផ្នែកប្រពោធនកម្ម​ទារក​ចំនួន១០គ្រែ ផ្នែកស្តារនីតិសម្បទា
* ជាន់ទី៤៖ មជ្ឈមណ្ឌលទិន្នន័យ ផ្នែកអប់រំនិងស្រាវជ្រាវ ផ្នែករក្សាព័ត៌មានអ្នក​ជំងឺ និងការិយា​ល័យរដ្ឋបាល និងផ្នែកសម្រាប់ជំងឺត្រូវនៅដោយឡែកប្រើបន្ទប់សម្ពាធអវិជ្ជមានចំនួន៥គ្រែ
* ជាន់ទី៥៖ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧០គ្រែ (ក្នុងនោះមាន ២០គ្រែសម្រាប់​ជំងឺកុមារ)
* ជាន់ទី៦៖ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧៣គ្រែ (ក្នុងនោះមាន ៦គ្រែសម្រាប់​មជ្ឈ​មណ្ឌលដាច់សសៃឈាមក្នុងខួរក្បាល)៕