(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ រៀបចំការប្រឡងប្រ្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលលើវិញ្ញាសាសរសេរលើកទី២។ នេះបើតាមការជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ដោយឡែក ការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នឹងរៀបចំនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងដូចសព្វមួយដង។
សូមរំលឹកថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រី ជាន់ខ្ពស់ វិញ្ញាសាសរសេរទី១ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ២៧៧៥នាក់, ដោយឡែកការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រី ជាន់ខ្ពស់ វិញ្ញាសាសរសេរទី២ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ១៥៤នាក់ ក្រោយប្រឡងបញ្ចប់ក្រសួងនឹងសម្រេចយកបេក្ខជនចំនួន ៥០នាក់ប៉ុណ្ណោះ។
សូមជម្រាបថា ក្រោយប្រឡងជាប់លើវិញ្ញាសាសរសេរទាំងពីរដំណាក់កាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ គឺត្រូវឆ្លងកាត់ការសម្ភាសន៍បន្ថែម ដោយឡែកសិស្សមន្ត្រីក្រមការ មិនមានឆ្លងកាត់ការសម្ភាសន៍នោះទេ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីទាំងនេះ នឹងឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕