(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ វិញ្ញាសាសរសេរលើកទី២​ ដោយចំណាយពេល តាក់តែង ជ្រើសរើស និងកាត់វិញ្ញសា ត្រឹមរយៈពេល២ម៉ោងកន្លះប៉ុណ្ណោះ។

ព្រលឹមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានមកដល់មណ្ឌលប្រឡងនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីរៀបចំការប្រឡងប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ប្រឡងប្រជែងជ្រើសរើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជូនទៅដល់ប្រជាពលរដ្ឋដែលជាបេក្ខជន។

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ដំណើរការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយឡែក ការប្រឡងជ្រើសសិស្សមន្ត្រីក្រមការនឹងប្រព្រឹត្តទៅនៅព្រឹកស្អែក។

ជាមួយគ្នានេះ វិញ្ញាសាសម្រាប់ការប្រឡងប្រជែង បានចាប់ផ្តើមតាក់តែងនៅម៉ោង ៥:៣០នាទីព្រឹក សម្រាប់ការប្រឡងប្រជែងចំនួន ១៥៤អង្គ/នាក់ (ស្រី ៥៤នាក់) នៅម៉ោង ៨:០០នាទីព្រឹក។

វិញ្ញាសានីមួយៗ ត្រូវបានតាក់តែងជាជម្រើសៗ ដាក់ជូនលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីជ្រើសរើស។ បន្ទាប់មកក្រុមការងាររៀបចំយន្តការការងារជាបន្តបន្ទាប់។

សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល វិញ្ញាសាសរសេរលើកទី២ ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១) អធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ, ២)ដោះស្រាយបញ្ហាតាមករណីសិក្សា ,៣)វិញ្ញាសាជំនាញ ពាក់ព័ន្ធរដ្ឋបាលសាធារណៈ សេដ្ឋកិច្ច-ហិរញ្ញវត្ថុ នីតិអន្តរជាតិសាធារណៈ និងទំនាក់ទំនងអន្តរជាតិ៕