(ភ្នំពេញ)៖ មជ្ឈមណ្ឌលសិក្សា និងតេស្តសមត្ថភាពភាសាចិន ជាមួយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និងស្ទេបហ្វរវើដអន្តរជាតិ បានសហការរៀបពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ៖ «ទីក្រុងនិងជនបទ ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌កម្ពុជា-ចិន» ដែលគ្រាំទ្រឧបត្ថម្ភដោយមជ្ឈមណ្ឌលសហប្រតិបត្តិការផ្លាស់ប្តូរភាសាចិន ភាសាបរទេសនៃក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជាដែលបាន ដោយមានការចូលរួមពីគណៈអធិបតី និងភ្ញៀវកិត្តិយស សិស្សានុសិស្ស ប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន កញ្ញាបណ្ឌិត វុធ សុភ័ក្រណា ប្រធានវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថាកម្មវិធីពិព័រណ៌នេះ បានរៀបចំឡើងក្នុងន័យដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរការអប់រំ វប្បធម៌ អរិយធម៌ រវាងប្រទេសយើងទាំងពីរ (កម្ពុជានិងចិន) ។
កញ្ញាបណ្ឌិត បានបន្តថា ចាប់តាំងពីវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតមកតែងតែប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យសិស្ស-និស្សិត នូវការអប់រំភាសាចិន ដែលមានគុណភាពខ្ពស់ ខណៈពេលដែលការជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូរភាសា វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទសយើងទាំងពីរ កម្ពុជា-ចិន។ វិទ្យាស្ថានមិនត្រឹមតែផ្តល់ឱ្យសិស្សនូវ វគ្គសិក្សាភាសាចិនជាប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះទេពកោសល្យចិន ជាមួយនឹងចក្ខុវិស័យសកល និងជំនាញ ទំនាក់ទំនងឆ្លងវប្បធម៌តាមរយៈសកម្មភាពវប្បធម៌ផ្សេងៗ ការផ្លាស់ប្តូរការសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ព្រឹត្តិការណ៍ដែលប្រារព្ធឡើងនៅថ្ងៃនេះ មិនត្រឹមតែ បង្ហាញពីភាពទាក់ទាញពិសេស នៃសិល្បៈ ស្ថាបត្យកម្មប្រទេសយើងទាំងពីរ កម្ពុជានិងចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្សានុសិស្ស នូវវេទិកាសិក្សាឆ្លងវប្បធម៌ដ៏មានតម្លៃផងដែរ។ តាមរយៈសកម្មភាពបែបនេះ យើងសង្ឃឹមថាសិស្សានុសិស្ស នឹងទទួលបានការយល់ដឹងអំពីភាពស្រស់ស្អាតនៃស្ថាបត្យកម្មចិន រីកចម្រើនតាមរយៈអន្តរកម្ម ហើយបន្ទាប់មកក្លាយជាស្ពានតភ្ជាប់សម្រាប់ការផ្លាស់ប្តូរមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-ចិន។
ជាមួយគ្នានេះដែរលោក សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន -ចិន បានថ្លែងថា ក្នុងឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរការអប់រំរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្មវិធីពិព័រណ៌រៀបចំឡើងក្នុងគោលបំណង សិក្សាស្វែងយល់ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ ស្ថាបត្យកម្មខ្មែរ និងស្ថាបត្យកម្មចិន ដែលជាកេរមរតកដ៏អស្ចារ្យ និងសម្បូរបែបដែលមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសបានបន្សល់ទុក។
លោកបានបន្តថា ស្ថាបត្យកម្ម គឺជាសិល្បៈក្នុងសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាតត្រឹមត្រូវ តួយ៉ាងស្ថាបត្យកម្មខ្មែរមុនសម័យអង្គសម័យអង្គរ និងក្រោយសម័យអង្គរ គឺមានភាពលេចធ្លោល្អវិចិត្រ ល្បីល្បាញពាសពេញសាកលលោក។ រាល់ស្ថាបត្យកម្មខ្មែរ សុទ្ធតែមានសិល្បៈ និងទស្សវិជ្ជាបង្កប់នៅខាងក្នុង គឺសំដៅទៅលើការសាងសង់ផ្សេងៗ ដោយជំនាញហត្ថកម្មគ្រប់បែបយ៉ាង ដែលមានសោភ័ណ ប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សពេញចិត្តគាប់អារម្មណ៍ មានភាពរស់រវើកឱ្យអ្នកទស្សនាចង់មើល ចង់ឃើញ និងចង់ស្វែងយល់អំពីអត្ថរស អត្ថន័យ។
ស្ថាបត្យកម្មខ្មែរ គឺមានការវិវត្តរីកចម្រើនឥតឈប់ឈរពីសម័យមួយទៅសម័យមួយ ហើយកាន់តែលូតលាស់ជាលំដាប់ ត្រង់នេះបង្ហាញថា ស្ថាបត្យករខ្មែរ គឺពិតជាមានទេពកោសល្យខ្ពង់ខ្ពស់បំផុត ដោយក្រៅពីការផ្សែរផ្សំធ្វើសំយោគពីសិល្បៈបរទេស និងសិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតចេញនូវសិល្បៈថ្មីមួយទៀតដែលមានទំរង់ជាសិល្បៈខ្មែរស្របតាមទស្សនៈខ្មែរសុទ្ធសាធ។ នេះជាការបញ្ជាក់បន្ថែមពីលោក សរ រិទ្ធី។
នៅសិល្បៈស្ថាបត្យកម្មខ្មែរ មិនគ្រាន់តែជានិមិត្តរូបផ្នែកសិល្បៈប៉ុណ្ណោះទេ គឺវាបម្រើប្រយោជន៍ដល់ជំនឿសាសនាផង និងបម្រើឱ្យប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ អាស្រ័យដោយបំនិនប្រសប់គួរឱ្យស្ងប់ស្ងែងនៃបុព្វបុរសយើងបែបនេះហើយ បានជាសិល្បៈស្ថាបត្យកម្មខ្មែរមានតម្លៃខ្ពង់ខ្ពស់ និងទទួលបានការកោតសរសើរទូទាំងពិភពលោក។ កម្មវិធី ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ៖ «ទីក្រុង និងជនបទ ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌កម្ពុជា-ចិន ឆ្នាំ២០២៤» ដែលប្រារព្ធឡើងនាពេលនេះ ក៏ជាឱកាសដើម្បីឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ភាពស្រដៀងគ្នា ភាពខុសប្លែកគ្នារវាងស្ថាបត្យកម្មខ្មែរ និងស្ថាបត្យកម្មចិន ដែលជាកេរមរតកដ៏សម្បូរបែបដែលបុព្វបុរសនៃប្រទេសទាំងពីរបានបន្សល់ទុកមករៀងៗខ្លួន។ ហើយក៏ជាការផ្តល់ឱកាសដើម្បីឱ្យនិស្សិតកម្ពុជា-ចិន បានបញ្ចេញសមត្ថភាព និងស្នាដៃស្ថាបត្យកម្មរបស់ខ្លួនជាសាធារណៈ ដែលមានលក្ខណៈអន្តរជាតិ។
លោកបណ្ឌិត សូត្រ សំណាង អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេកម្ពុជាចិននារពេលនេះ បានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយអំណរ ប៉ុន្តែក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ។ ក្នុងស្ថានភាពនេះ វាទាមទារឱ្យយុវជនកម្ពុជា-ចិន ធ្វើការស្វែងយល់ពីគ្នា ពិសេសតាមរយៈការស្វែងយល់ពីភាសា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរវាងគ្នា ដែលការស្វែងយល់នេះ នឹងក្លាយជាស្ពានដ៏រឹងមាំក្នុងការបន្តដំណើរវិវត្តន៍ នៃទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន។
ក្នុងន័យនេះ លោកយល់ឃើញថា ព្រឹត្តិការណ៍បែបនេះ គួរត្រូវបានរៀបចំឡើងឱ្យបានញឹកញាប់ និងមានការចូលរួមឱ្យបានទូលំទូលាយជាងនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នា តាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជានិងចិន និងនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ក៏មានផ្តល់ជូនប័ណ្ណសរសើរ និងរង្វាន់ដល់ជ័យលាភីដែលបានចូលរួមប្រកួតប្រជែងស្នាដៃគំនូរស្ថាបត្យកម្មផងដែរ។ កម្មវិធីនេះ ធ្វើឡើងរយៈមួយព្រឹក ដោយមានការលេងកម្សាន្តប្តូរយករង្វាន់ មានការតាំងបង្ហាញនូវស្ថាបត្យកម្ម កម្ពុជានិងចិន ដែលធ្វើឱ្យកម្មវិធីនេះកាន់តែរស់រវើក៕