(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣នេះ គឺពឹងផ្អែកលើសមត្ថភាពសុទ្ធសាធ ខណៈការប្រឡងលើវិញ្ញាសាសរសេរលើកទី២នេះ បេក្ខជនចំណាយពេលប្រឡងរហូតដល់ ៨ម៉ោងពេញ។

ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នាសាលាភូមិន្ទរដ្ឋបាល។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងទៀតថា ការប្រឡងលើកនេះ គឺប្រព្រឹត្តទៅដូចសព្វដង ដែលវិញ្ញាសានីមួយៗ ត្រូវបានតាក់តែងជាជម្រើសៗ ដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី ដើម្បីជ្រើសរើស បន្ទាប់មកក្រុមការងាររៀបចំយន្តការការងារជាបន្តបន្ទាប់។

លោកស្រី ឆាយ គឹមសុទ្ធី អនុប្រធានអនុគណៈកម្មការផ្គត់ផ្គង់ បានថ្លែងថា សម្រាប់ការប្រឡងមន្ត្រីជាន់ខ្ពស់ជំនាន់ទី ១៣នេះ គឺមានការរៀបចំជាអាហារថ្ងៃត្រង់ ជូនដល់បេក្ខជនតែម្តង ដោយសារតែការប្រឡង គឺជាប់ៗគ្នា ដូច្នេះបេក្ខជនមានពេលសម្រាកតែមួយម៉ោងគត់ គឺនៅម៉ោង១១៖០០ ដល់ ម៉ោង១២៖០០ថ្ងៃត្រង់ ដែលនេះបានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ដល់បេក្ខជនផងដែរ។

ក្រៅតែពីការរៀបចំជាអាហារថ្ងៃត្រង់ សម្រាប់បេក្ខជនហើយនោះ គណៈកម្មការរៀបចំការប្រឡងប្រជែង ក៏បានរៀបចំជាស្តង់ ដើម្បីឲ្យអាណាព្យាបាលអង្គុយ និងសម្រាក រង់ចាំបេក្ខជនចេញមកពីប្រឡងផងដែរ។

វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើមតាក់តែងនាម៉ោង ៥:៣០នាទីព្រឹក សម្រាប់ការប្រឡងប្រជែងចំនួន ១៥៤អង្គ/នាក់ (ស្រី ៥៤នាក់) នៅម៉ោង ៨:០០នាទីព្រឹក។

សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ (១) អធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ (២) ដោះស្រាយបញ្ហាតាមករណីសិក្សា និង (៣) វិញ្ញាសាជំនាញ ពាក់ព័ន្ធរដ្ឋបាលសាធារណៈ, សេដ្ឋកិច្ច-ហិរញ្ញវត្ថុ, នីតិអន្តរជាតិសាធារណៈ និងទំនាក់ទំនងអន្តរជាតិ៕