(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឲ្យយកចិត្តទុកដាក់ធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដើម្បីទាមទារឱ្យមានការពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិ។
បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរឹតបន្តឹង លើការផ្តល់សេវា របស់គ្រឹះស្ថានសុខាភិបាលឯកជន អនុវត្តន៍ឱ្យបានត្រឹមត្រូវលក្ខខណ្ឌសេវាផងដែរ។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការគិតគូរអំពីមនុស្ស គឺជាកិច្ចការសំខាន់ បរិមាណហើយ យើងគិតពីគុណភាព នៅក្នុងការពង្រឹងសមត្ថភាពជាគោល ពង្រឹងសមត្ថភាព ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងពង្រឹងក្រមប្រតិបត្តិ ជាពិសេសអ្នកផ្ដល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន»។
សម្តេចបវរធិបតី បានណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជីកា ក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដែលមានសុពលភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និង និយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារ ក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាល របស់ខ្លួន និង ចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់គ្រូពេទ្យ បុគ្គលិកបច្ចេកទេស ទាំងក្នុងផ្នែក សាធារណៈ និង ឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់។
បន្ថែមលើនេះ ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារឱ្យចូលរួម ក្នុងការសម្រេចចិត្តលើការព្យាបាល ផ្តល់ចំណេះដឹង និង បទពិសោធអំពីការ បង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំ អ្នកជំងឺជាដើម។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬត្រូវបានបដិសេធក្នុ ងការទទួលបានសេវាថែទាំព្យាបាល ដោយសារ តែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ៕