(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលរាល់នីតិកាលតែងតែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថ ដែលជាមុខព្រួញមួយក្នុងការធានាសុខភាពជូនប្រជាពលរដ្ឋ ហើយសម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថនេះ ជាពិសេសត្រូវធានាគុណភាព បរិមាណ និងតម្លៃសមរម្យជូនប្រជាពលរដ្ឋ ខណៈរយៈពេលច្រើនខែមកនេះ ក្រសួងសុខាភិបាលអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានជាច្រើនផងដែរ។

ការបញ្ជាក់នេះធ្វើឡើងនាឱកាសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេចបវរធិបតីបានថ្លែងថា ថ្នាំសង្កូវ ក៏ជាមុខព្រួញមួយក្នុងការធានានិងបង្កើនសុខភាពជូនប្រជាពលរដ្ឋដែរ ដែលប៉ុន្មានអាណត្តិនេះ រាជរដ្ឋាភិបាលបានបង្កើនការជំរុញវិនិយោគច្រើនទៅលើផ្នែកផ្គត់ផ្គង់ថ្នាំ ហើយក្នុងអាណត្តិទី៧នេះ សម្ដេចបានប្រាប់ទៅរដ្ឋមន្ត្រីសុខភិបាល លោក ឈាង រ៉ា តាំងពីដើមទី (ដើមអាណត្តិ) គឺត្រូវធានាតាមគុណភាព តម្លៃសមរម្យ ហើយត្រូវធ្វើម៉េចលើកកម្ពស់គុណភាពនិងបរិមាណ។

សម្ដេចបានបន្តថា ជាមួយគ្នានោះ ក្រសួងសុខាភិបាលក៏បានអនុវត្តនូវការផ្ដល់ថ្នាំដល់ប្រជាពលរដ្ឋ បង្កើនពី៥ថ្ងៃ ទៅកន្លះ ឬមួយខែ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីមកបើកថ្នាំ។

ជាការសង្ក់តធ្ងន់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ការខិតខំយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ថ្នាំនេះ ដើម្បីធានាគុណភាព បរិមាណ និងលើកកម្ពស់ជូនប្រជាពលរដ្ឋ»