(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស។
ការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងព្រោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរាយការណ៍ពីកំណើននៃជំងឺទឹកនោមផ្អែម មានការកើនឡើងយ៉ាងខ្លាំង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។
បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចធ្លាប់បានឃើញផ្ទាល់ថា ជារៀងរាល់ថ្ងៃ មានក្មេងម្នាក់ទទួលទានភេសជ្ជៈផ្អែមដល់ទៅ ៣កំប៉ុងឯណោះ ក្នុងមួយថ្ងៃៗ។ សម្តេច ក៏ធ្លាប់ឃើញអ្នកបើកទូកនៅតំបន់ទេសចរណកំពុងភ្លុក ទទួលទានភេសជ្ជៈផ្អែម ដល់ទៅ ៦កំប៉ុង ក្នុងមួយថ្ងៃៗ ផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចនេះ ខ្ញុំសុំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំពិនិត្យមើល ធ្វើការអប់រំ ការត្រួតពិនិត្យ ក៏ដូចជា ការណែនាំដល់ការលក់ចំណីអាហារ នៅតាមសាលាសម្រាប់ក្មេងតូចៗផង ព្រោះខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម អាយុ ៣០ជាង ៤០ជាង ហើយសួរខាងបច្ចេកទេសថ្ងៃមុន ឯកឧត្តម ឈាង រ៉ា (រដ្ឋមន្ត្រីក្រសួងសុខាភិបាល) ក៏បានលើកអំពីកំណើន ព្រោះការកើត [ជំងឺទឹកនោមផ្អែម] មិនមែនទាន់តែគ្រប់អាយុហូបចុកបានទេ ជួនកាលតាំងពីក្មេង ព្រោះខ្ញុំឃើញក្មេងខ្លះខ្ញុំឃើញ លេងប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុងទៅហើយ ម្តាយអាណិតកូន កូនចូលចិត្តផ្អែម ដាក់ឲ្យ ៣កំប៉ុងពីក្មេង»។
«[...] ថ្ងៃមុន ខ្ញុំទៅកំពុងភ្លុក ម្ចាស់ទូកម្នាក់អាយុជាង ៦០ លេងខារ៉ាបាវ ៦កំប៉ុងម្នាក់ឯង។ ខ្ញុំថាខ្លាំងណាស់អ៊ំ តែប្រយ័ត្នផងអ៊ំ...។ នេះបើតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ជំងឺទឹកនោមផ្អែម ដែលជាជំងឺមិនឆ្លងមួយប្រភេទ គឺជាឃាតករលាក់មុខនៅកម្ពុជា។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈាង រ៉ា បានឲ្យដឹងថា កាលពីមុន ក្នុងចំណោមមនុស្សស្លាប់សរុប គឺស្លាប់ដោយសារជំងឺឆ្លងមានច្រើនជាងស្លាប់ដោយសារជំងឺមិនឆ្លង ប៉ុន្តែបច្ចុប្បន្ននេះ ការស្លាប់ពីជំងឺមិនឆ្លងមានលើសពីពាក់កណ្ដាលហើយ។
សូមជម្រាបថា ជំងឺមិនឆ្លង ៤ប្រភេទ រួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរុំារ៉ៃ ដែលកំពុងជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា ក៏ដូចជានៅលើសកលលោក ដែលជំងឺមិនឆ្លងខាងលើនេះ គឺអាចការពារបានរហូតដល់ទៅ៨០% តាមរយៈការមានរបបអាហារឲ្យបានត្រឹមត្រូវ តិចអំបិល តិចស្ក តិចខ្លាញ់, មានលំហាត់ប្រាណ, កុំពិសារគ្រឿងស្រវឹង និងថ្នាំជក់ជាដើម។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំ ដែលប្រជាពលរដ្ឋត្រូវការដូចជា ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់អ្នកជំងឺដែលត្រូវការថ្នាំសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រីរបស់ខ្លួនដល់អ្នកជំងឺ នៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ពីដើមអ្នកជំងឺ រងគ្រោះកាត់ជើង កាត់ដៃ ដោយសារគ្រោះថ្នាក់មីនក្រោយសង្គ្រាម តែបច្ចុប្បន្នគ្រោះថ្នាក់កាត់ដៃ កាត់ជើង ដោយសារតែជំងឺទឹកនោមផ្អែម ដូច្នេះលោកក្រើនរម្លឹកដល់ប្រជាជន ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ។ លោកថាជំងឺនេះ ជាប្រភេទជាជំងឺមិនឆ្លងម្យ៉ាង ដែលអាចសម្លាប់មនុស្សជាច្រើនម៉ឺននាក់ ក្នុងមួយឆ្នាំៗ។
លោក ឈាង រ៉ា ធ្លាប់បញ្ជាក់ថា «ជំងឺទឹកនោមផ្អែម ជាបញ្ហាធំសម្រាប់នៅកម្ពុជា ហើយជាបញ្ហាសុខភាពសាធារណៈដ៏ធំ មិនត្រឹមតែនៅកម្ពុជានោះទេ គឺនៅលើសកលលោក ដូច្នេះយើងត្រូវតែផ្ដោតអារម្មណ៍ទៅការការពារជំងឺទឹកនោមផ្អែមនេះ ហើយជំងឺនេះ ជាជំងឺមិនឆ្លងពីមនុស្សម្នាក់ទៅម្នាក់នោះទេ ដែលយើងអាចការពារបាន តាមរយៈមានរបបអាហារឱ្យបានត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាដើម»។
ជំងឺមិនឆ្លងកំពុងកើនឡើង ជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំ ដែលសម្លាប់ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ នេះបើតាមការបញ្ជាក់ របស់លោកស្រីវេជ្ជបណ្ឌិត រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នំា២០២៥-២០៣០ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីវេជ្ជបណ្ឌិត រ័ត្ន បូតា បានឲ្យដឹងថា នាពេលបច្ចុប្បន្ន កត្តាកំណើនអាយុការវិវឌ្ឍសកលភាវូបនីយកម្ម និងនគររូបនីយកម្ម រួមផ្សំនឹងរបៀបរស់នៅ ដែលមិនមានសុខភាពល្អ បានធ្វើឲ្យមានជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក។ ក្នុងចំណោមករណីស្លាប់ទាំងអស់ មាន៦០% បណ្តាលមកពីជំងឺមិនឆ្លង ៤ប្រភេទ ដែលក្នុងនោះមានជំងឺទឹកនោមផ្អែមផងដែរ៕