(កំពង់ស្ពឺ)៖ បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ខេត្តកំពង់ស្ពឺមានស្រុកចំនួន៩ រួមមានប្រជាពលរដ្ឋចំនួន ២៧,៩២៨គ្រួសារ សាលារៀន ៣៥៨កន្លែង អង្គភាពផ្សេងៗក្នុងនោះមានវត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍នគរបាលចំនួន១៦២ ទទួលបានពូជបន្លែដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព។

លោក វង់ សណ្ដាប់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធស្បៀងបម្រុងម្ពុជា (ប.ស.ប.ក.) នៅខែកញ្ញាឆ្នាំ២០១២ ដើម្បីអាចអន្តរាគមន៍ផ្តល់ស្បៀង ហើយនឹងគ្រាប់ពូជស្រូវ និងបន្លែដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងគ្រោះមហន្តរាយ ហើយមានតម្រូវការស្បៀង និង/ឬគ្រាប់ពូជជាបន្ទាន់ ដើម្បីធានាថា ពេលមានគ្រោះមហន្តរាយនានា ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងពលរដ្ឋដែលនៅលើបន្ទាត់ក្រីក្រតិចតួច ពុំធ្លាក់ខ្លួនខ្វះស្បៀង ឬខ្វះគ្រាប់ពូជស្រូវ ឬបន្លែស្តារដំណាំឡើងវិញ។

តាំងពី ប.ស.ប.ក.ត្រូវបានបង្កើតឡើងរហូតមកដល់ចុងឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលបានផ្តល់ស្បៀង និងគ្រាប់ពូជស្រូវ និងបន្លែ ដល់ប្រជាជនរងផលប៉ះពាល់ និងខូចខាតដំណាំក្នុងពេលមានគ្រោះធម្មជាតិ ដូចករណីគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយដោយសារកូវីដ-១៩ ក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលរួមមាន៖

១៖ អង្ករសរុបចំនួន ៤ ០៥៣ តោន និង៣០គ.ក្រ ត្រូវបានផ្តល់ដល់ប្រជាជនរងគ្រោះមហន្តរាយធម្មជាតិ សរុបចំនួន ១៥៩ ៥៥៨គ្រួសារ ពីខេត្តចំនួន ២២ ក្រុង-ស្រុកចំនួន ១២៥ និងឃុំ-សង្កាត់ចំនួន ៦៤០ ពីភូមិសរុបចំនួន ៣៩៥០ និង វត្ត ចំនួន ៣៨៧វត្ត (២០ខេត្ត),

២៖ អង្ករសរុបចំនួន ៩៩៩០ តោន និងស្បៀង យុទ្ធសាស្រ្តផ្សេងៗទៀត (មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ) ត្រូវបានផ្តល់ស្បៀងជូនប្រជាជន ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុសរុបចំនួន ៣៩៩ ៦០០ គ្រួសារ ,

៣៖ ពូជស្រូវសរុបចំនួន ២៣ ៣៨៣តោន និង៩០៣គ.ក្រ ត្រូវបានផ្តល់ជូនកសិករដែលរងការខូចខាតដំណាំស្រូវ សរុបចំនួន ២៩៣ ៣៩០គ្រួសារ សម្រាប់ស្តារដំណាំស្រូវឡើងវិញ នៅក្នុងរាជធានី-ខេត្តចំនួន ២២, និង

៤៖ គ្រាប់ពូជបន្លែសរុបចំនួន ៣៦ តោន និងជិត ៣០០គ.ក្រ ត្រូវបានផ្តល់គ្រាប់ពូជបន្លែដល់កសិករសរុបចំនួន ១២៣ ៩៧១គ្រួសារ ក្នុងខេត្តចំនួន ១៩ ពីក្រុង-ស្រុកចំនួន ១៣១ឃុំ-សង្កាត់ចំនួន ៥៥២ និងភូមិចំនួន ១ ៥៥៣។

ជាមួយគ្នានេះដែរ នៅឆ្នាំ២០១៦ ដោយភាពប្រាកដនិយមក្រោមការចង្អុលបង្ហាញពី សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចជានាយករដ្ឋមន្ត្រីនាពេលនោះ ប.ស.ប.ក. បានចាប់ផ្តើមផ្តល់គ្រាប់ពូជបន្លែ សម្រាប់ជំរុញការដាំដុះបន្លែផ្គត់ផ្គង់គ្រួសារ ដើម្បីរួមចំណែកពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការបង្កើនប្រាក់សន្សំ និងចំណូលគ្រួសារ ហើយនិងសហគមន៍។

សម្រាប់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តលើកទឹកចិត្តកែលម្អ ប.ស.ប.ក.បន្តផ្តល់ស្បៀង និងគ្រាប់ពូជស្រូវ និងបន្លែដល់ពលរដ្ឋរងគ្រោះមហន្តរាយ និងលើកទឹកចិត្តផ្តល់គ្រាប់ពូជបន្លែ ជំរុញការដាំបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារ កាន់តែទូលំទូលាយបន្ថែមទៀត។

ដោយមានការតម្រង់ទិសពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការ ប.ស.ប.ក. បានដឹកនាំក្រុមការងារបច្ចេកទេស ក្រោមក្របខណ្ឌ ប.ស.ប.ក.រួមមាន៖ លេខាធិការដ្ឋាននៃ ប.ស.ប.ក.របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ក្រុមការងារស្ថានីយ៍ពិសោធន៍ពូជបន្លែក្បាលកោះ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម , រដ្ឋបាលឃុំ-សង្កាត់ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត និងក្រុងស្រុក បានធ្វើការផ្តល់គ្រាប់ពូជបន្លែ ដែលអាចទុកពូជបាន ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារ ស្ទើរគ្រប់ទិសទី ហើយព្រមជាមួយគ្នានេះ ក៏បានផ្តល់គ្រាប់ពូជបន្លែដល់សាលារៀន និងសហគមន៍ ក្នុងគោលដៅបង្កើតសួនបន្លែសុវត្ថិភាព។

គិតចាប់ពីឆ្នាំ ២០១៦ មកដល់ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាល បានផ្តល់គ្រាប់ពូជបន្លែស្ទើរគ្រប់ទិសទី៖ ទី១ ជំរុញការដាំដុះបន្លែសុវត្ថិភាពផ្គត់ផ្គង់គ្រួសារ ដល់ប្រជាជនសរុបចំនួនជិត ៨០០ ០០០ គ្រួសារ ពីខេត្តចំនួន ២០ ក្រុង-ស្រុកចំនួន ១៤០ ឃុំ-សង្កាត់ចំនួន ១ ០៧៤ ពីភូមិសរុប ចំនួន ៩ ៣៥១ និង (២) ផ្តល់ពូជបន្លែដល់សាលារៀន ដើម្បីជំរុញបង្កើតសួនបន្លែតាមសាលារៀន ក្នុងគោលបំណងចូលរួមគាំទ្រកម្មវិធីបំណិនជីវិត ដោយគិតមកដល់ពេលនេះ សរុបបានចំនួន ២ ២៣១ នៅក្នុងខេត្តចំនួន ៦ ស្រុកចំនួន ៣១។

ពូជបន្លែដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់តាមយន្តការ ប.ស.ប.ក. បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល រួមមាន៖(១) ប្រជាជនកាន់តែច្រើនងាកមកដាំបន្លែ ជាលក្ខណ:គ្រួសារ សម្រាប់ពង្រឹងសន្តិសុខស្បៀង អាហារូបត្ថម្ភ ការសន្សំថវិកា និងបង្កើនចំណូលបន្ថែម (២) បានចូលរួមកែលម្អ និងពង្រឹងភាពធន់ទៅនឹងផលវិបាក នៃការប្រែប្រួលអាកាសធាតុ និងចូលរួមកាត់បន្ថយភាពងាយរងគ្រោះ ក្នុងពេលមានគ្រោះមហន្តរាយនានា (៣) បានប្រែក្លាយការដាំបន្លែលក្ខណ:គ្រួសារ និងសហគមន៍ជាចលនាកាន់តែពេញនិយម ក្នុងការលើកស្ទួយអាហារូបត្ថម្ភ សុខភាពគ្រួសារ និងលើកកំពស់សោភ័ណភាពគេហដ្ឋាន និងសហគមន៍ (៤) ចូលរួមកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និង (៥) ចូលរួមធ្វើឲ្យបន្លែសុវត្ថិភាពកាន់តែច្រើនលក់នៅក្នុងទីផ្សារមូលដ្ឋានជាដើម៕