(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុងសំរោង នាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យឆេះតូបលក់ដូរនៅផ្សារចំការចេក ក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលជួបនៅគ្រោះថ្នាក់ធម្មជាតិផ្សេងៗ ក៏ដូចជាចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម។
លោក ឃិន ញ៉ាណ បានថ្លែងនូវការចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរងរងគ្រោះដោយអគ្គិភ័យបណ្តាលឱ្យឆេះតូបលក់ដូរ ក៏ដូចជាទ្រព្យសម្បត្តិមួយចំនួនផងដែរ។
លោកក៏ថ្លែងលើកទឹកចិត្ត ដល់បងប្អូនរងគ្រោះសូមកុំអស់សង្ឃឹម ផ្ទុយទៅវិញយើងត្រូវតាំងស្មារតីខិតខំធ្វើការរកស៊ីធ្វើការតទៅទៀត និងត្រូវប្រុងប្រយ័ត្នជានិច្ចការពារ ពីគ្រោះអគ្គិភ័យ ដោយត្រូវមុនចាកចេញពីតូបលក់ដូរ ត្រូវបិទចរន្តអគ្គិសនី ក៏ដូចជាភ្លើងចង្ក្រានផ្សេងៗផងដែរ។
អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យចំនួន៣គ្រួសារ នាពេលនេះ គឺគ្រួសារទី១៖ ទទួលបានថវិកាចំនួន៨០រៀល អង្គរ៥០គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឺកត្រី១យួរ និងឃីត១កញ្ចប់។ ដោយឡែកគ្រួសារទី២ និងទី៣ ទទួលបានថវិកា២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឺកត្រី១យួរ និងឃីត១កញ្ចប់ផងដែរ៕