(កំពង់ធំ)៖ ដោយប្រើប្រាស់ក្រុមគ្រឿងចក្រសម្តេចបវរធិបតី រៀបចំឡើងដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែ ប្រវែង ១៦គីឡូម៉ែត្រ ចេញពីកោះរះ ទៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ស្របទៅតាមការសំណូម ពររបស់ប្រជាពលរដ្ឋ។

ពិធីនេះក៏មានការចូលរួមពីលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក លោក លោកស្រី អនុប្រធានក្រុមកាងារ ចុះមូលដ្ឋានស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កម្លាំងសមត្ថកិច្ចស្រុក, ប្រធានការិយាល័យជុំវិញស្រុក, មន្រ្តីរដ្ឋបាលស្រុក, លោក លោកស្រីមេឃុំ និងប្រជាពលរដ្ឋភូមិគោកត្របែក និងនៅកោះរះ ៣៥០នាក់។

លើកឡើងនាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយក្តីនឹករលឹកផងដែរ។

លោកបណ្ឌិតបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែតែងបានយកចិត្តទុកដាក់ និងគិតគូរពីសុខទក្ខប្រជាពលរដ្ឋជាប់ជានិច្ចផងដែរ មិនថាប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនោះឡើយ។ រយៈពេល៤៥ឆ្នាំកន្លងមកនេះបន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឲ្យរួចផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាល អភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។

លោកបណ្ឌិត ថោង ខុន បានប្រាប់ប្រជាពលរដ្ឋដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។

ជាមួយគ្នានោះដែរលោកបណ្ឌិត ក៏បានប្រាប់ប្រជាពលរដ្ឋដែរថា ក្នុងចំណោមភូមិដាច់ស្រយាល គឺមានតែភូមិគោកត្របែកនេះមួយទេ ដែលមានភព្វសំណាង ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយផ្ទាល់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ និងបានកសាងសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនមានដូចជា ព្រះវិហារ មណ្ឌលសុខភាព សាលារៀន អណ្តូងទឹក ស្រះទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។ ស្របជាមួយគ្នានោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានជីកប្រឡាយសម្រាប់សម្រួលដល់ដឹកជញ្ជូនតាមផ្លូវទឹក និងបានកសាងផ្លូវលំភ្ជាប់ពីកោះរះ មកភូមិគោកត្របែកនេះផងដែរ។

បន្ថែមពីនេះដែរលោកបណ្ឌិត ថោង ខុន បានបញ្ជាក់ដែរថា ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ មានផ្លូវ គឺមានសង្ឃឹម ដូចនេះការបើកការដ្ឋានជួសជុលផ្លូវលំ គឺដើម្បីសម្រួលដល់ជីវភាពរស់នៅ ការតភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅភូមិគោកត្របែក។ ស្របជាមួយគ្នានោះដែរលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅពេលផ្លូវថ្មីជួលជុលហើយ ត្រូវរួមគ្នា ថែរក្សាឱ្យបានគង់វង្សផងដែរ។

សូមបញ្ជាប់ដែរថា ការដ្ឋានជួលជុលផ្លូវនេះបានទទួលការឧបត្ថម្ភប្រេងឥន្ធនៈពីលោក ហ៊ុន វណ្ណញ៉េ ជាសប្បុរសជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក៕