(ភ្នំពេញ)៖ សម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានសម្តែងការអបអរសាទរ ចំពោះរដ្ឋសភាវៀតណាម ដែលបានអនុម័តសេចក្តីសម្រេចហាមឃាត់ការលក់ ការនាំចូល ការស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs) ដែលការហាមឃាត់នេះ ដែលនឹងចូលជាធរមាននៅឆ្នាំ២០២៥ ត្រូវបានអនុម័តដោយសមជិកសភា​ភាគច្រើនលើសលប់ ហើយនេះជាសក្ខីកម្មចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាវៀតណាម ក្នុងការការពារសុខភាពសាធារណៈ ជាពិសេសក្នុងចំណោមយុវជន។

ប្រទេសវៀតណាម បានក្លាយជាប្រទេសទី៣០ ដែលបានហាមឃាត់ប្រភេទផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs)នេះ រួមទាំងប្រទេសអាស៊ានចំនួន៥ ផ្សេងទៀត រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី និងថៃ)។

យុវជនវ័យក្មេងវៀតណាមដែលមានអាយុចន្លោះពី១៣- ១៥ឆ្នាំ មានការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងក្នុងរង្វង់ 3.5% ក្នុងឆ្នាំ២០២១ ហើយកើនដល់ 8% ក្នុងឆ្នាំ២០២៤ ដែលការកើនឡើងនេះ ពិតជាគួរឱ្យព្រួយ​បារម្ភខ្លាំង។ ការស្រាវជ្រាវបានបង្ហាញថា យុវជនដែលប្រើប្រាស់បារីអេឡិចត្រូនិចទាំងនោះ មានទំនោរ ៣ដង ទៅប្រើប្រាស់បារីធម្មតា និងផលិតផលថ្នាំជក់ដទៃទៀត ។

លើសពីនេះស្របពេលដែលមិនទាន់មានភស្តុតាងវិទ្យាសាស្រ្តគ្រប់គ្រាន់ដែលអះអាងថា ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ (Electronic Smoking Devices/ESDs រួមមាន៖ បារីអេឡិចត្រូនិក និងផលិតផល​អេចឈ៍ ធី ភី HTPs) ជាម៉ាស៊ីនផ្ដាច់បារី ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ បានបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សរួចបាត់ទៅហើយ។

បារីអេឡិចត្រូនិច បញ្ចេញចំហាយជាផ្សែង ដែលផ្ទុកសារធាតុ​គ្រោះថ្នាក់​មួយចំនួនដូចជា លោហធាតុធ្ងន់ ផ្សែងពុល សារធាតុគីមីបង្កជំងឺមហារីក ដែលបណ្តាលឱ្យខូចកោសិកា ប៉ះពាល់ដល់សរីរាង្គបន្តពូជ និងបង្កើនហានិភ័យនៃការខូចសួត ជំងឺបេះដូង និងការឆ្លងមេរោគដទៃទៀត។ គិតត្រឹមដើមឆ្នាំនេះ ប្រជាជនវៀតណាមប្រមាណ ១២០០នាក់ បានសម្រាកព្យាបាលជំងឺដោយសារការប្រើប្រាស់បារីអេឡិចត្រូនិច។

នាយកប្រតិបត្តិសម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) លោកវេជ្ជបណ្ឌិត UIysses Dorotheo បានថ្លែងថា ដោយយកសុខភាព និងសុខុមាលភាពរបស់ពលរដ្ឋខ្លួនជាអាទិភាព ប្រទេសវៀតណាម​បានដើរតួរជា​គំរូដ៏ល្អ សម្រាប់ឱ្យប្រទេសផ្សេងៗទៀតពិចារណា។ យើងទទូចឱ្យឱ្យប្រទេសទាំងអស់ ធ្វើការហាមឃាត់ប្រភេទបារីអេឡិចត្រូនិក និងនិងផលិតផលអេចឈ៍ ធី ភី (HTPs)ដើម្បីការពារយុវជនបច្ចុប្បន្ន និងអនាគតពីផលិតផលញៀន និងមានគ្រោះថ្នាក់ទាំងនេះ៕