(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្នត់គំនិតជោគជ័យសំខាន់ណាស់ សម្រាប់លើកកម្លាំងចិត្ត ក្នុងការប្រឹងប្រែងទាំងក្នុងជីវិតសិក្សា និងជីវិតការងារ ដូច្នេះនៅពេលចេញទៅធ្វើការ ចេញទៅប្រកួតប្រជែងអ្វីមួយ ត្រូវដាក់ផ្នត់គំនិតជោគជ័យ ដាក់ផ្នត់គំនិតវិជ្ជមាន ដើម្បីឆ្ពោះទៅសម្រេចជោគជ័យ។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួម សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ឥរិយាបទ និងផ្នត់គំនិតសំខាន់ណាស់ បើចង់ចេញទៅប្រកួតប្រជែងអ្វីមួយ ត្រូវជំរុញខ្លួនឯង ត្រូវបណ្ដុះផ្នត់គំនិតខ្លួនឯងធ្វើយ៉ាងណា រឆ្ពោះទៅសម្រេចជោគជ័យឲ្យបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំចង់ចាំនូវពាក្យរបស់ឯកឧត្តម សៅ សុខា ដែលបានលើកឡើងពី ក្រុមបាលទាត់ជម្រើសជាតិ ដែលបានប្រកួតឈ្នះ ទទួលបានពិន្ទុច្រើន ឯកឧត្តមបានលើកឡើងថា បច្ចេកទេសយើងមានហើយ, ល្បឿននៃការលេងក៏មិនចាញ់គេដែរ ប៉ុន្ដែអ្វីដែលចាញ់គឺផ្នត់គំនិត ក្រុមជម្រើសជាតិយើងគ្រាន់តែលឺថា ក្រុមជម្រើសជាតិគេ ធ្លាប់បានលេខ១ ធ្វើឲ្យយើងបាក់ទឹកចិត្ត និងចាញ់បាត់ទៅហើយ ប៉ុន្ដែនៅពេលយើងដាក់ផ្នត់គំនិត ក្នុងការទទួលបានជ័យជម្នះ ផ្គុំជាមួយការខិតខំប្រឹងប្រែង និងបច្ចេកទេស នោះយើងនឹងហ៊ានប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីទទួលបានភាពជោគជ័យ»។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ដូច្នេះនៅពេលក្មួយៗ ចេញទៅធ្វើការចេញទៅប្រកួតប្រជែង ត្រូវដាក់ផ្នត់គំនិតជោគជ័យ ផ្នត់គំនិតវិជ្ជមាន ហើយធ្វើយ៉ាងណាឲ្យខ្លួន ក្លាយជាធនធានរបស់ជាតិយើង [.........] ប្រកាន់ភ្ជាប់នូវសីលធម៌, គុណធម៌ និងឥរិយាបទរបស់យើង ដើម្បីក្លាយទៅជាបង្គោល សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិនាថ្ងៃខាងមុខ៕