(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គ្មានជំនាញល្អជាងជំនាញណានោះឡើយ សំខាន់គឺត្រូវចេះជំនាញឱ្យច្បាស់លាស់។ ការថ្លែងរបស់សម្ដេចមហាបវរធិបតី បានធ្វើឡើងនៅក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ណែនាំ និងលើកទឹកចិត្តទៅកាន់យុវជនជំនាន់ក្រោយថា៖ «ដំណើរជីវិតខុសៗគ្នា ប៉ុន្តែគ្មានការជោគជ័យណាមួយ ដែលគ្មានការប្រឹងប្រែង ហើយផ្តេកផ្តួលជាមួយបញ្ហានោះឡើយ បញ្ហាមាន មានតែការប្រឈមមុខដោះស្រាយប៉ុណ្ណោះដែលអាចដោះស្រាយបាន»។
ខណៈការជ្រើសរើសជំនាញសិក្សាសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំបន្ថែមទៀតថា៖ «អ្វីដែលខ្ញុំនិយាយរៀនឱ្យច្បាស់បន្តទៀត យើងច្បាស់បានបាននិទ្ទេស A យើងច្បាស់បានយើងជាប់ ប៉ុន្តែបទពិសោធន៍នេះដូចគ្នា ចេញទៅរៀនធ្វើការនៅខាងមុខទៀតឱ្យច្បាស់ មួយៗឱ្យច្បាស់កុំឡែងតែរារែកចិត្ត។ ឧទាហរណ៍ ទៅរៀនមហាវិទ្យាល័យចាប់ផ្ដើមពីគ្រប់គ្រង រៀនបានមួយឆ្នាំឃើញពួកម៉ាករៀន IT រត់ទៅ IT រៀនបានមួយរត់ទៅណេះ អាមួយឆ្នាំៗបូកចូលគ្នាអត់ច្បាស់ទេក្មួយអើយ ចេញទៅធ្វើអីអត់កើតទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «តែបើរៀន Management ៤ឆ្នាំ គឺ៤ឆ្នាំ ចាំចប់ពីហ្នឹងយើងទៅថែមអីទៀត ផ្ដោតចិត្តឱ្យបាន ហើយពេលវេលាយើងអត់ខាត ៤ឆ្នាំក្រោយគេមិនអាចសួរថា រវាងសិស្សម្នាក់ ២នាក់ដែលចាប់ផ្ដើម ម្នាក់អាឡែងតែដូរលិចដូរកើត ៤ឆ្នាំក្រោយអត់មានអីច្បាស់លាស់ អត់មានសញ្ញាបត្រអីច្បាស់លាស់ទេ គ្មាននរណាឱ្យសញ្ញាបត្រគ្រប់គ្រង១ឆ្នាំ IT១ឆ្នាំនោះទេ ព្រោះយើងរៀនមិនគ្រប់គួងរបស់គេ។ ដោយឡែកអ្នកដែលចេញទៅមានលំនឹង តស៊ូអាហ្នឹងគេបានសញ្ញាបត្រទៅរកការងារបាន ប្រកួតប្រជែងមុនយើងមួយជំហាន។ ហើយគ្មានស្អីល្អជាងស្អីទេ គ្មានជំនាញណាល្អជាងជំនាញណាទេ សំខាន់មនុស្សដែលចេះជំនាញច្បាស់ ល្អជាងមនុស្សដែលចេះជំនាញអត់ច្បាស់ រឿងហ្នឹងតែប៉ុណ្ណឹង ជឿខ្ញុំចុះ។ ចង់អ្នកឯងជំនាញ IT ល្អជាងជំនាញនេះ ប៉ុន្តែអ្នក IT អត់ចេះច្បាស់ផង អត់មានសញ្ញាបត្រ អាហ្នឹងក៏ធ្វើមិនល្អដែរ គឺខ្លួនយើងដែលធ្វើឱ្យសញ្ញាបត្រល្អ មិនមែនសញ្ញាបត្រធ្វើឱ្យខ្លួនយើងល្អទេ ចាំអាហ្នឹងទុក»។
បើតាមប្រសាសន៍របស់សម្ដេច បានបញ្ជាក់ថា នៅពេលដែលយើងមានជំនាញច្បាស់លាស់ យើងជាអ្នកធ្វើឱ្យសាលាល្បី មិនមែនសាលាធ្វើឱ្យយើងល្បីទេ ព្រោះថាសាលានីមួយៗដែលបាន ក៏ដោយសារតែសិស្សចេញពីសាលានោះមានសមត្ថភាពពិត ទៅធ្វើការល្អនោះទើបអាចធ្វើឱ្យសាលាល្បីបាន។
សូមជម្រាបថា ឆ្នាំនេះ ជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវ ការផ្តល់ការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។ នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះមានសិស្សនិទ្ទេស A ចំនួន ២,២១៦នាក់ ក្នុងនោះសិស្សស្រី មានចំនួន ១,២៨១នាក់ ស្មើនឹង ៥៧.៨០ភាគរយ។ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A សម្ដេចនាយករដ្ឋមន្រ្តីបានផ្ដល់នូវ Galaxy Tab ម្នាក់មួយគ្រឿង និងថវិកាចំនួន ២លានរៀល៕