(កោះកុង)៖ ក្រុមហ៊ុន Coastal City Development Group Co., Ltd. ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា បានប្រកាសបើកគម្រោងពាណិជ្ជកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថា គម្រោងផ្សារផែកោះស្តេច។ គម្រោងនេះស្ថិតនៅក្នុងតំបន់តារាសាគរ ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងមួយនៅខេត្តកោះកុង។ គម្រោងផ្សារផែកោះស្តេច ត្រូវបានអភិវឌ្ឍលើដីទំហំ ១.៧ហិចតា ជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដោយវាបញ្ចូលសម្រង់ផ្នែកពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍មកជាចំណុចស្នូលតែមួយ។

ស្ថិតនៅតំបន់តារាសាគរ នៃខេត្តកោះកុង គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយ ដែលផ្តល់នូវបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ក្រុមហ៊ុន Coastal City Development Group Co., Ltd. គឺជាអ្នកអភិវឌ្ឍន៍ដំបូងគេនៅកម្ពុជា ដែលបានអភិវឌ្ឍគម្រោងធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅអន្តរជាតិ ការដ្ឋានវារីអគ្គិសនី សណ្ឋាគារនិងរីសតប្រណិត ជាមួយនឹងផ្លូវកៅស៊ូសាយ ភូថងដែលបានសាងសង់ដោយក្រុមហ៊ុនផ្ទាល់។ វាគឺជាគម្រោងអភិវឌ្ឍន៍ដែលសំខាន់បំផុតមួយសម្រាប់តំបន់តារាសាគរ ដែលបានលើកស្ទួយសក្តានុពល ទេសចរណ៍ និងការអភិវឌ្ឍនៅខេត្តកោះកុង។

គម្រោងផ្សារផែកោះស្តេចត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនតម្លៃសមរម្យ និង បំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះ។ គម្រោងផ្សារផែកោះស្តេចនឹងមានទីតាំងល្អឥតខ្ចោះ មានខ្សាច់សស្អាតប្លែកភ្នែក ហើយតម្លៃក៏សមរម្យសម្រាប់អាជីវកម្ម និងភ្ញៀវទេសចរផងដែរ។ លើសពីនេះ គម្រោងនេះមានការភ្ជាប់ផ្លូវទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជាកោះស្តេច និងកោះផ្សេងៗ ទីលានប្រណាំងឡាន Go Kart និងចំណត វិរៈ ប៊ុនថាំ ។

គម្រោងផ្សារផែកោះស្តេចនឹងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ស្វាហាប់ ដែលគម្រោងផ្សារនេះផ្តល់ជូនទីតាំងហាងចំនួន ៣១០ ទីតាំងសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដើម្បីបម្រើភាពងាយស្រួល និងសេវាកម្មដ៏ចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត។ គម្រោងផ្សារផែកោះស្តេច នេះមានទំហំហាងធំបំផុតបើប្រៀបធៀបនឹងផ្សារដទៃៗ ដោយមានទំហំចាប់ពី ១២ ម៉ែត្រការ៉េ ដល់ ១០៨ ម៉ែត្រការ៉េ ដែលអាចបំពេញតម្រូវការរបស់អាជីវករដែលមានទិសដៅផ្សេងៗគ្នា។ ជាផ្សារដែលបណ្តុំដោយគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ប្រចាំតំបន់ កន្លែងលក់ផលិតផល វត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មសម្បូរបែប ផ្សារផែកោះស្តេចនឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ។

គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់មួយនៅខេត្តកោះកុង និងបន្ថែមចំណូលសេដ្ឋកិច្ចសម្រាប់តំបន់នេះ។ ដូចទៅនឹងផ្សារក្តាមនៅកែប ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនគ្រប់ទិសទី គម្រោងផ្សារផែកោះស្តេចនេះក៏នឹងមានសក្ដានុពល ដើម្បីនាំចូលភ្ញៀវទេសចរច្រើនជាងមុន និងលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុកបានយ៉ាងមានប្រសិទ្ធភាព។ វាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព៕