(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំសហការី ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ពង្រឹងតួនាទីភារកិច្ច និងនាំយកអំណោយសម្តេចរបស់មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលទាំង៤គោលដៅ ស្ថិតក្នុងភូមិសាស្ត្រតំបន់ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអភិបាលខេត្ត និងបានកោតសរសើរ និងថ្លែងអំណរគុណកងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាក្នុងការបំពេញភារកិច្ចក្នុងរយៈពេលកន្លងទៅនេះទទួលបានជោគជ័យគួរជាទីមោទនៈ ដោយបានការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។
ជាមួយគ្នានេះ ជំនាញបានរកឃើញផ្ទៃដីដែលលួចកាប់បន្ទ្រាននាពេលកន្លងទៅជាង២,៥០០ ហិកតា និងបានចាប់ឃាត់ខ្លួនជនកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយចំនួនបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស តាមច្បាប់ ហើយផ្ទៃដីដែលរឹបអូសបាន យើងការពារមិនឱ្យមានការបាត់បង់ព្រមទាំងបានដាំស្ដារព្រៃឈើឡើងវិញ បានប្រមាណជាង៥ម៉ឺនដើមផងដែរ។
លោកបានប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់ឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានជាថ្មីទៀតបានជាដាច់ខាតពិសេសក្នុងរដូវប្រាំងនេះ ហើយត្រូវចាត់វិធានកា យ៉ាងម៉ឺងម៉ាត់ ចំពោះជនទាំងឡាយណា ដែលនៅតែបំពានកាប់ទន្ទ្រានព្រៃឈើបំផ្លាញធនធានធម្មជាតិ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ដោយគ្មានការលើកលែងឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំងចំនួន ៥០០លីត្រ អង្ករចំនួន៤០០គីឡូក្រាម មីជាតិចំនួន២០កេស ត្រីខកំប៉ុងចំនួន២ កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៨យូរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តសកម្មភាព ដោយគ្មានការដកថយឡើយ៕