(ភ្នំពេញ)៖ ក្នុងបទសម្ភាសន៍ជាមួយ Fresh News ក្នុងឱកាសចុះទស្សនកិច្ចនៅតាមក្រវាត់ព្រំដែន លោក ខេមរិន្ទ អតីតត អតីតតំណាងរាស្ត្រ នៃអតីតគណបក្ស CNRP ដែលបច្ចុប្បន្នជាប្រធានបក្សខ្មែរអភិរក្ស បានគាំទ្រ និងមានភាពកក់ក្តៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកិច្ចការពារបូរណភាពទឹកដី តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបន្ទាត់ព្រំដែន។
លោក រៀល ខេមរិន្ទ បានថ្លែងយ៉ាងដូច្នេះថា៖ «ពីដើមឡើងខ្ញុំមានជំនឿលើគណបក្សប្រឆាំងដោយមិនមានភាពច្បាស់លាស់ខ្លួនឯង នាំគ្នាមកចោទប្រកាន់រាជរដ្ឋាភិបាលថា លក់ដីឱ្យវៀតណាម ប៉ុន្តែ មកដល់ពេលដែលខ្ញុំបានតាមដាន និងពិនិត្យតាមបង្គោលព្រំដែន គឺមិនដូចអ្វីដែលគេនិយាយហ្នឹងទេ។ ខ្ញុំជម្រាបជូនជនរួមជាតិឱ្យច្បាស់ថា បង្គោលព្រំដែនមានភាពច្បាស់លាស់ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបចំដំណើរទស្សនកិច្ចជូនពលរដ្ឋឱ្យឃើញដោយផ្ទាល់ភ្នែកនៅតាមក្រវាត់ព្រំដែន»។
លោក រៀល ខេមរិន្ទ បានបន្ថែមថា ការប្រឌិតព័ត៌មានក្លែង ញុះញ់ងបង្កឱ្យមានការបែកបាក់ផ្ទៃក្នុង របស់អ្នកនយោបាយ គឺមិនមែនជាអ្នកនយោបាយស្រលាញ់ជាតិនោះទេ ប៉ុន្តែ ជាអ្នកនយោបាយបំផ្លាញជាតិ។
«ចំពោះខ្ញុំគាំទ្ររាជរដ្ឋាភិបាលទាំងស្រុង ខ្ញុំអ្នកស្រឡាញ់សន្តិភាព អ្វីដែលពាក់ព័ន្ធនឹងសង្គ្រាមខ្ញុំមិនគាំទ្រជាដាច់ខាត។ សូមជម្រាបថា ខ្ញុំ រៀល ខេមរិន្ទ ថ្ងៃមុនរឿងផ្សេង តែថ្ងៃនេះគឺខ្ញុំដាក់បេះដូង ដាក់ជីវិតជូនប្រជារាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧»។ នេះជាការគូសបញ្ជាក់របស់លោក រៀល ខេមរិន្ទ៕
សូមស្តាប់បទសម្ភាសន៍រវាង លោក រៀល ខេមរិន្ទ ជាមួយក្រុមការងារព័ត៌មាន Fresh News ដូចខាងក្រោម៖