(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត៤គ្រួសារ នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ការចុះជួបជាមួយប្រជាពលរដ្ឋនេះ មានការចូលរួមពីក្រុមការងារគណបក្សថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិជាច្រើនរូបទៀតផងដែរ។

នៅឱកាសនោះ លោកបណ្ឌិត សម តារា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលសម្ដេចតែងតែនឹក រលឹកដល់បងប្អូនទាំងអស់នៅទូទាំងខេត្តស្វាយរៀង និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ ខណៈរដូវរងារចូលមកដល់។

លោកបណ្ឌិត សម តារា បានកោតសរសើរ និងអរគុណអាជ្ញាធរដែនដី នៅក្នុងមូលដ្ឋានស្រុកចន្ទ្រាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្ខពួកក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។ 

លោកបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​ មិនដែល​ទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ​ គឺតែងតែទំនុកបំរ៉ុង​ ឧបត្ថម្ភ​ គាំទ្រ​ និងយកចិត្តទុក្ខដាក់​ ជួយរែកពន់នូវទុក្ខលំបាក​របស់បងប្អូនប្រជាពលរដ្ឋ​ គ្រប់កាល:​ ទេស:​ និងគ្រប់ទីកន្លែងនៅតាមមូលដ្ឋាន​ តាមរយ:ក្រុមការងារចុះជួយឃុំ​ ស្រុក​ និងភូមិផងដែរ។

បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា បានណែនាំដល់ប្រជាពលរដ្ឋជាពិសេសក្មេងៗ និងមនុស្សចាស់ដែលមានអាយុច្រើនត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងារ ដែលអាកាសធាតុចុះត្រជាក់ខ្លាំង ធ្វើឲ្យមានបញ្ហាសុខភាពដូចជាផ្តាសាយ និងជំងឺផ្លូវដង្ហើម ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវនាំអ្នកជំងឺ បញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត លោកបណ្ឌិត សម តារា ក៏បានឧបត្ថម្ភថវិកាមួយចំនួន និងបានជួយឧបត្ថម្ភក្មេងកំពុងសិក្សាក្នុងគ្រួសារក្រីក្រក្នុងមួយខែ៥ម៉ឺនរៀល សរុបការចំណាយទាំងអស់មានចំនួន ២.៧០០០០០រៀលផងដែរ៕