(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបង្រ្កាបករណីចែកចាយផលិតផលគ្រឿងក្នុងជ្រូកដឹកតាមម៉ូតូរ៉ឺម៉កផ្ទុកជាង៧០០គីឡូក្រាម ដែលខូចគុណភាព និងគ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ។
ការបង្រ្កាបនោះដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា បើយោងតាមចម្លើយសារភាពពីបុរសម្ចាស់ម៉ូតូរ៉ឺម៉ក គឺផលិតផលគ្រឿងក្នុងជ្រូកខាងលើ គាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ។
ខណៈនោះសមត្ថកិច្ចក៏បានអប់រំ និងឱ្យធ្វើកិច្ចន្យាចំពោះម្ចាស់ម៉ូតូរ៉ឺម៉ក បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភព និងឯកសារច្បាស់លាស់នៅពេលក្រោយទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
លោកនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ផលិតផលទាំងនេះនាំចូលពីប្រទេសជិតខាង ដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ ផលិតផលគ្រឿងក្នុងជ្រូកជាង៧០០គីឡូក្រាម នៅថ្ងៃដដែលសមត្ថកិច្ចក៏បាននាំយកទៅដុតបំផ្លាញចោលផងដែរ៕