(ភ្នំពេញ)៖ បន្ទាប់ពីបំពេញការងាររយៈពេលប្រមាណជា៤ឆ្នាំ នៅកម្ពុជា លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានដល់ពេលបញ្ចប់អាណត្តិការងាររបស់ខ្លួនហើយ។

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ចូលជួបសម្ដែងការគួរសម និងជម្រាបលា។

ក្នុងជំនួបធ្វើឡើងនៅវិមានសន្តិភាព លោកស្រីបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកស្រី និងស្ថានទូតឥណ្ឌានៅកម្ពុជា ធ្វើឱ្យបេសកកម្មការទូតរបស់លោកស្រីទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកស្រីបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកស្រីបណ្ឌិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។

សម្ដេចមហាបវរធិបតី និងលោកស្រីបណ្ឌិតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណេីរទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។

សញមបញ្ជាក់ថា លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ត្រូវបានរដ្ឋាភិបាលឥណ្ឌា តែងតាំងជា ឯកអគ្គ រដ្ឋ ទូត ឥណ្ឌាប្រចាំនៅកម្ពុជាកាលពីឆ្នាំ២០២០។

ក្នុងអាណត្តិការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា លោកស្រី បានបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ជាពិសេសការប្រឹងប្រែងជំរុញកិច្ចការទាំងឡាយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា៕