(ភ្នំពេញ)៖ មន្ទីរកសិកម្មខេត្តព្រះវិហារ បានសហការជាមួយ​គម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET) បន្សុទ្ធពូជដំឡូងមី ដើម្បីស្វែងរកពូជដែលសាកសម នឹងសណ្ឋានដីនៅព្រះវិហារ ជំរុញឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់ ខណៈដំឡូងមី គឺជាដំណាំដែលមានសក្តានុពល និងផ្តល់ចំណូលយ៉ាងច្រើនដល់ខេត្តព្រះវិហារក្នុងមួយឆ្នាំៗ។

លោក ម៉ាំង ប្រុស មន្ត្រីសម្របសម្រួលគម្រោង ​ASSET​ បានឱ្យដឹងថា ដើម្បីបន្សុទ្ធពូជមីដែលល្អ និងផ្តល់ទិន្នផលខ្ពស់ គម្រោងបាននឹងកំពុងធ្វើការពិសោធទៅលើពូជដំឡូងមីចំនួន៥​ប្រភេទ ដើម្បីស្វែងរកពូជណា ដែលល្អ​ ផ្តល់នូវទិន្នផលខ្ពស់ សមស្របជាមួយអាកាសធាតុ ធន់នឹងជំងឺ ក្នុងគោលដៅជួយឱ្យកសិករមានជីវភាពល្អ ផលិតផលរបស់គាត់មានទីផ្សារ។

លោកបានឱ្យដឹងថា ការពិសោធនេះ បានចាប់ផ្តើម​ពីខែមិថុនា និងគ្រោងប្រមូលផលនៅខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ ដែលគម្រោងនឹងអាចធ្វើការវាយតម្លៃបានថាពូជមួយណាដែលល្អ។

ជាមួយគ្នានេះ លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានឱ្យដឹងថា កន្លងមកកសិករនៅខេត្តព្រះវិហារបានដាំដុះពូជដំឡូងច្រើនប្រភេទ ហើយពូជខ្លះទិញមកមានជំងឺ ដែលធ្វើឱ្យរាលដាលដល់ដំឡូងមីផ្សេងទៀត នាំឱ្យកសិករមានការខាតបង់។

លោកបន្តថា បន្ទាប់ពីការពិសោធ​នេះ នៅពេលដែលរកឃើញថា ពូជមួយណាល្អ ​ផ្តល់នូវទិន្នផលខ្ពស់ ធន់នឹងជំងឺ និងអាកាសធាតុ​ មន្ទីរកសិកម្មខេត្តនឹងផ្សព្វផ្សាយដល់កសិករនៅខេត្តព្រះវិហារជ្រើសរើសយកទៅដាំដុះ។

បើតាមលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ​ បានឱ្យដឹងថា​ ដំឡូងមីគឺជាដំណាំដែលមានសក្តានុពល​សម្រាប់ខេត្តព្រះវិហារ ដោយនៅឆ្នាំ២០២៤នេះ ដំឡូងមីបានចំណូលច្រើនជាងគេរហូតដល់ប្រមាណ៧០លានដុល្លារ។

​បច្ចុប្បន្ននេះ ​ផ្ទៃដីដាំដុះដំឡូងមីនៅខេត្តព្រះវិហារ មានជាង៥ម៉ឺនហិកតា ទាំងដំឡូងធម្មតា និងដំឡូងមីសេរីរាង្គ ដោយភាគច្រើននាំចេញទៅប្រទេសវៀតណាម៕