(ក្រចេះ)៖ សាលាឆាន់ និងកុដិនៅវត្តព្រះច័ន្ទកុមារ ហៅវត្តដំរីផុង ស្ថិតនៅភូមិបុស្សឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានជួបគ្រោះអគ្គិភ័យបណ្តាលឆាបឆេះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
គ្រោះអគ្គិភ័យនេះ បានឆេះអស់ទាំងស្រុងនូវសាលាឆាន់ មានទំហំបណ្ដោយ ២៥ម៉ែត្រ ទទឹង ១៥ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង និងកុដិមួយខ្នងមានបណ្តោយ ១៣ម៉ែត្រ ទទឹង ៦,៣០ម៉ែត្រ។ សរុបសម្ភារៈដែលខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះគិតជាទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ។
នារសៀល ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ព្រមទាំងសហការី បាននិមន្តចូលរួមជាមួយព្រះគ្រូ កែវ សុភា ព្រះវិន័យធរអនុគណស្រុកឆ្លូង តំណាងព្រះអនុគណស្រុកឆ្លូង មន្ត្រីសង្ឃស្រុកឆ្លូង ព្រមទាំងសហការី និងលោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ព្រមទាំងសហការី បាននាំយកនូវបច្ច័យ គ្រឿងឧបភោគ បរិភោគ ទឹកសុទ្ធ ភេសជ្ជៈ ទេយ្យទាន និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ប្រគេនដល់ព្រះចៅអធិការវត្តព្រះច័ន្ទកុមារ ដើម្បីចូលរួមដោះស្រាយ និងរំលែកការលំបាកកើតចេញពីគ្រោះអគ្គិភ័យនេះ៕