(ភ្នំពេញ)៖ លោក សុខ សប្បាយណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជនកម្ពុជា នៃសហភាពសហព័ន្ធកម្ពុជា ស.ស.យ.ក និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកឡើងថា៖ «ព្រឹត្តិការណ៍នេះ កម្មវិធីនេះ គឺជាការផ្ដល់ឱកាសឲ្យកោសិកានៃសង្គមរបស់យើងបង្ហាញមោទនភាពរបស់ខ្លួនទៅកាន់សង្គមជាតិ និងពិភពលោកទាំងមូល»។
ការលើកឡើងនេះ តាមរយៈការផ្សព្វផ្សាយព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាភូមិន្ទភ្នំពេញ អគារCKCC ដែលមាននិស្សិតចូលរួមប្រមាណ៥៧០នាក់ មកពីសកលវិទ្យាល័យចំនួន ៨កន្លែងផ្សេងៗគ្នា។
កម្មវិធីនាព្រឹកនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនឲ្យបានជ្រាបកាន់តែច្បាស់អំពី ព្រឹត្តិការណ៍ «សាទរកម្ពុជា»។ ព្រឹត្តិការណ៍ដ៏ធំនេះ គឺជាលើកដំបូងបង្អស់សម្រាប់កម្ពុជា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៖០០ទាបភ្លឺ។
លោក សុខ សប្បាយណា ថ្លែងថា ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនេះ នឹងរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងពី អរិយធម៌ វប្បធម៌ ប្រពៃណីខ្មែរ បែបសប្បាយរីករាយ និងការចូលរួមដោយសេរីពីសាធារណជន ក៏ដូចជាការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក កៀន តាក់ សកលវិទ្យាធិការង និងជាប្រធាន ស.ស.យ.ក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ គូសបញ្ជាក់ថា សូមស្វាគមន៍លើកទឹកចិត្ត និងកោតសរសើរទៅដល់យុវជនដែលប្រឹងប្រែងសម្របសម្រួលកម្មវិធីនេះកន្លងមក។ នេះក៏ជាឱកាសដ៏ប្រពៃក្នុងការទទួលយកចំណេះដឹងថ្មីៗ ដែលអាចហៅថា ការរៀនសូត្រពីបរិយាកាសជុំវិញខ្លួនយើង។ ព្រឹត្តិការណ៍«សាទរកម្ពុជា» គឺជាកម្មវិធីរបស់ជាតិ ក្រោមភាសាតែមួយ ជាតិតែមួយ ដូច្នេះសូមចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីជាតិយើងតែមួយ ទង់តែមួយ។
នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះនឹងរៀបចំក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ៣,០០០នាក់ដោយចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ ផ្លូវ១៤៤ និងវិថីព្រះស៊ីសុវត្ថិមកកាន់សួនច្បារមុខព្រះបរមរាជវាំង។ ការសាទរកម្ពុជាជាមួយគ្នា ក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។
សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល។
កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជាគឺ «ក្បួនដង្ហែទង់ជាតិកម្ពុជា» ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួមសាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ ជាមួយគ្នានេះក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥ខេត្ត-ក្រុងផងដែរ៕