(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីគណៈប្រតិភូអ្នកជំនាញការជប៉ុនមកពីទីក្រុងគីតាគ្យូសឹ (Kitakyusu) ដែលដឹកនាំដោយ លោក Yasuo MOCHIYAMA ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធ និងតំណាងសមាគមធុរកិច្ចវិស័យទឹកក្រៅប្រទេស ទីក្រុងគីតាគ្យូសឹ ប្រទេសជប៉ុន។

ជំនួបសម្តែងការគួរសមនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីរំលេចអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន តាមរយៈទីក្រុងគីតាគ្យូសឹ (Kitakyusu) ក្នុងការលើកកម្ពស់លើវិស័យទឹកកខ្វក់​​សម្រាប់រាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងការណែនាំខ្លួនពីបណ្តាក្រុមហ៊ុនដែលស្ថិតក្នុងសមាគមធុរកិច្ចវិស័យទឹកក្រៅប្រទេស ទីក្រុងគីតាគ្យូសឹ ប្រទេសជប៉ុន (Kitakyushu Overseas Water Business Association-KOWBA)។

សូមបញ្ជាក់ផងដែរថា ក្នុងជំនួបសម្តែងការគួរសមនេះក៏មានការចូលរួមពីតំណាងក្រុមហ៊ុនធំៗចំនួន១៦ ដែលជាសមាជិករបស់ KOWBA ដែលនឹងគ្រោងចូលរួមធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា និងផលិតផល​របស់ប្រទេសជប៉ុន​នៅក្នុងសិក្ខាសាលាស្តីអំពីការផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៧ នាថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ៕