(ភ្នំពេញ)៖ ក្រុមប្រតិភូ គ្រូបង្វឹក និងអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ ខណៈថ្នាក់ដឹកនាំមានការស្ងើចសរសើរ ចំពោះការលះបង់របស់កីឡាករ-កីឡាការិនីរាមច្បងក្នុងក្រុមជម្រើសជាតិ នៅការចែករំលែក និងផ្ដល់ឱកាសដល់សិស្សប្អូន រហូតសម្រេចបានលទ្ធផលដ៏គាប់ប្រសើរនេះ ដោយបាននាំមកជាមួយនូវមេដាយសរុបចំនួន ៣០គ្រឿង(មាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ ៦) ។
ក្នុងឱកាសទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូកីឡាខាងលើ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផល ដែលកីឡាករ-កីឡាការិនីដណ្ដើមបានជូនជាតិ រហូតអាចរក្សាបាននូវចំណាត់ថ្នាក់លេខ២ ក្នុងចំណោមអត្តពលិក ១៥ប្រទេសចូលរួម ក៏ដូចជាភាពជោគជ័យ នៃការផ្ដល់ឱកាសដល់អត្តពលិកវ័យក្មេង ហើយដណ្ដើមបានមេដាយមាសជាច្រើនផងដែរ ។
បន្ថែមលើនេះ លោកបានស្ងើចសរសើរ ចំពោះការលះបង់របស់កីឡាករ-កីឡាការិនីរាមច្បងក្នុងក្រុមជម្រើសជាតិ ក្នុងការចែករំលែក និងផ្ដល់ឱកាសដល់សិស្សប្អូន រហូតសម្រេចបានលទ្ធផលដ៏គាប់ប្រសើរ ស្រមតាមទិសដៅចង់បានរបស់សហព័ន្ធ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ។ លោកថា បេសកកម្មនេះ ដោយសារមានថ្នាលយុវជនច្រើន បានធ្វើរាមច្បងខ្លះ ត្រូវឆ្លៀតពេលមើលថែ និងជួយដល់សិស្សប្អូនខ្លួន រហូតប្រមូលអារម្មណ៍មិនបានល្អ ធ្វើឲ្យរបូតមេដាយមាសមួយចំនួន ។
ប្រធានសហព័ន្ធដដែលបន្ដថា «អ្វីដែលពួកគាត់(អត្តពលិករាមច្បង)លះបង់ និងខំប្រឹង ពួកគាត់បាត់បង់មេដាយមែន តែយុវជនរបស់យើងធ្វើបានវិញ ។ នេះគឺជាមោទនភាពមួយសម្រាប់សហព័ន្ធ ព្រោះធម្មតាកីឡាយើងមិនអាចលេងខ្លួនឯងរហូតទេ យើងមិនអាចជា Super Man តែឯងទេ យើងត្រូវការអ្នកបន្ដវេន ។ អ៊ីចឹងអ្វីដែលពួកគាត់លះបង់ ទទួលបានផលវិញ គឺអ្នកបន្ដវេនគាត់ធ្វើបានជោគជ័យ ។ ក្នុងនាមសហព័ន្ធយើងមិនភ្លេចគុន និងអរគុណ ចំពោះអ្វីដែលជាការលះបង់របស់ពួកគាត់ទេ» ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ ដែលឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៧-២២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអត្តពលិក ១៥ប្រទេសចូលរួម គ្រាដែលកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួម ២៤នាក់ (កីឡាករ-កីឡាការិនី ១៩នាក់) ហើយបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេសរុប ៣០គ្រឿង (មាស ៧ ប្រាក់ ១៧ និងសំរឹទ្ធ ៦) បន្ទាប់ពីវៀតណាម ឈរលេខ១ និងឈរលើម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាជាប់លេខ៣ ៕