(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសសម្រេចប្រគល់ដីទំហំជាង៤,៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីឱ្យសមាគម បានបំពេញការងារកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក មហាសន្និបាតអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលមន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។
លោក ឃួង ស្រេង បានលើកឡើងថា៖ «សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ លើកិច្ចការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ដូច្នេះដើម្បីឱ្យការងារកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ដីទំហំជាង ៤,៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នេះឡើង»។
លោក ឃួង ស្រេង បានបន្តថា សន្តិបាតនេះមានគោលបំណងសរុបវាយតម្លៃ ពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា របស់សមាគមក្រុមប្រឹក្សារាជធានី-ខេត្ត សម្រេចបានកន្លងមក។ សមាគមក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើង តាមរយៈអង្គសន្និបាតនាថ្ងៃទី២៧ និង២៨ មីនាឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ដោយគិតមកដល់ពេលនេះ បានរយៈពេល១១ឆ្នាំហើយ។
លោក ឃួង ស្រេង បានបន្ថែមថា «យើងបានបញ្ជប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានមតិ យោបល់ សំណើ និងសំណូមពរជាច្រើន ពីប្រជាពលរដ្ឋមកដោះស្រាយ ជាមួយនឹងការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យរីកចម្រើនបន្ថែមទៀត ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ»។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានលើកឡើងថា អង្គមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅមានរយៈពេលមួយថ្ងៃកន្លះ ដោយមានការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
លោក ម៉ប់ សារិន បានបន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ ផ្នែកតាមមាត្រាទី៨ នៃលក្ខន្តិកៈ ដែលបានកំណត់ថា មហាសន្និបាតសមាគមជាតិត្រូវរៀបចំឡើងរៀងរាល់ ៥ឆ្នាំម្តង នៅប្រទេសកម្ពុជា។ មហាសន្និបាតសមាគមជាតិសម្រាប់អាណត្តិទី៣នេះ មានគោលបំណងបូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២ រយៈពេល ៥ឆ្នាំកន្លងមក គឺឆ្នាំ២០១៩-២០២៤។ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ និងសមាជិកក្រុមប្រឹក្សាជាតិរបស់សមាគមជាតិ។ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១ សម្រាប់អាណត្តិទី៣ របស់សមាគមជាតិ។
ជាមួយគ្នានេះលោក ម៉ប់ សារិន ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឃួង ស្រេង ដែលបានផ្តល់ដីទំហំជាង ៤,៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ក្នុងការបំពេញការងាររបស់សមាគម ដោយគ្រោងសាងសង់នៅក្នុងឆ្នាំ២០២៥នេះ។
លោក ម៉ប់ សារិន ក៏បានថ្លែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបរិចាកថវិកាចំនួន ៣ម៉ឺនដុល្លារ សម្រាប់ចូលរួមសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តនេះផងដែរ៕