(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានលើកទឹកចិត្ត និងគាំទ្រចំពោះដំណើការរបស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទារបស់ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលជួយជនរងគ្រោះដោយសារគ្រឿងញៀននៅកម្ពុជា។
ការលើកឡើងនេះបានធ្វើឡើងនាឱកាសដែល លោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត នៅទីស្តីការក្រសួង ស.អ.យ. នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
បន្ថែមពីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំទទួលបន្ទុកការងារស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងប្រធានមជ្ឈមណ្ឌល ទទួលខុសត្រូវលើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីបូកសរុបលទ្ធផលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឆ្នាំ២០២៤ និងលើទិសដៅអនុវត្តបន្តឆ្នាំ២០២៥។
លោកបន្តថា កិច្ចប្រជុំនេះ គឺមានសារសំខាន់ណាស់ សម្រាប់ការពិនិត្យនិងវាយតម្លៃ ក្នុងការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមមជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមចម្បងៗ ដែលបានជួបប្រទះពេលអនុវត្តក្នុងឆ្នាំកន្លងមក និងលើកទិសដៅបន្តអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឱ្យកាន់តែប្រសើរថែមទៀត ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោក ជា សុមេធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួង ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។
ទន្ទឹមនឹងនេះ លោក បានបន្តថា យើងទាំងអស់ប្រាកដជាបានដឹងហើយថា បញ្ហាគ្រឿងញៀនទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់កំពុងតែមានស្ថានភាពគួរឱ្យព្រួយបារម្ភ កំណើននៃការប្រើប្រាស់គ្រឿងញៀនសំយោគមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ក្រាមម្សៅ មានការកើនឡើងខ្លាំងក្នុងពេលដែលដំណាំអាភៀន ក៏ដូចជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ុន មានការថយចុះ។ សកម្មភាពផលិតគ្រឿងញៀននៅក្នុងតំបន់ ដែលប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលទទួលបានមូលនិធិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ និងបានពង្រីកខ្លួនកាន់តែធំ។
លោក បានមានប្រសាសន៍ថា ការផលិតគ្រឿងញៀនសំយោគមានបរិមាណកើនឡើង ដូចជាមេតំហ្វេតាមីន ក្រាមម្សៅ ម៉ាទឹកកកមានតម្លៃថោក ងាយស្រួលរកបាន ធ្វើឱ្យទីផ្សារគ្រឿងញៀនប្រភេទនេះកាន់តែរីកធំទៅៗ នៅក្នុងតំបន់ទាំងមូល និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងជាឧបសគ្គដ៏ធំក្នុងការរារាំងដល់កិច្ច អភិវឌ្ឍជាតិបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ សម្រាប់ពិភពលោកលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ និងជំនួបនានា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងផ្តាំផ្ញើ និងផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖
* សូមពិនិត្យ និងរៀបចំកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿញៀន ដើម្បីពិនិត្យលទ្ធភាពបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារ តែសម្បទាអ្នកញៀនគ្រឿងញៀនសាខាថ្នាក់ជាតិ
* គ្រប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនជនរងគ្រោះ រួមទាំងការងារគ្រប់គ្រងករណី និងសមាហរណកម្មឱ្យសមស្របតាមបទដ្ឋាន គោលការណ៍ណែនាំ និងនីតិវិធីប្រតិបត្តិ
* ត្រូវមានយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងត្រូវចុះត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលការណ៍ណែនាំ ស្តីពីការព្យាបាលស្តារនីតិសម្បទា និងសមហរណកម្មអ្នកញៀនគ្រឿងញៀន និងបទដ្ឋានអប្បរមារសម្រាប់ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង
* ចំពោះមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឯកជន សូមចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយពិនិត្យមើលលទ្ធភាពក្នុងការរៀបចំគោលការណ៍ដោយឡែក សម្រាប់ការព្យាបាល និងស្តារនីតិសម្បទាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ដែលក្រីក្រ អនាថាគ្មានទីពឹង ដោយមិនយកកម្រៃសេវា និងឈរលើគោលការណ៍មនុស្សធម៌*គ្រប់មជ្ឈមណ្ឌលទាំងអស់ ត្រូវរៀបចំឱ្យមានកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី បុគ្គលិករបស់ខ្លួន និងការបណ្តុះបណ្តាលអ្នកដែលបានព្យាបាលរួចជាហើយ ជាពិសេសមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍(កែវផុស) ដែលជាមជ្ឈមណ្ឌលគំរូ ដែលមានតួនាទីជាមជ្ឈមណ្ឌលជាតិ និងជាមណ្ឌលបណ្តោះអាសន្ន សម្រាប់ទទួលយកជនរងគ្រោះមានស្ថានភាពកម្រិតធ្ងន់ និងត្រូវការការព្យាបាល និងស្តារនីតិសម្បទារយៈពេលយូរ ដែលជនរងគ្រោះត្រូវបានបញ្ជូនមកពីមណ្ឌលបណ្តោះអាសន្ននានាទូទាំងប្រទេស។
ជាថ្មីម្ដងទៀត លោក បានណែនាំឱ្យអគ្គនាយកដ្ឋានស្ដារសម្បទា យកចិត្តទុកដាក់បន្ថែមទៀត ក្នុងអនុវត្តការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀន ដែលកំពុងរងផលប៉ះពាល់កាន់តែខ្លាំង អោយស្របតាមអនុសាសន៍ ទី៧ ទី៨ និងទី៩ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅបន្តរបស់ក្រសួង ស.អ.យ.៕