(កំពង់ចាម)៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម សាងសង់លើផ្ទៃដីជាង១៨ហិកតា ស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាផងដែរ។

ស្ថិតឱកាសនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា បរិមាណសំរាមមានការកើនឡើងជាប្រចាំថ្ងៃ នៅក្នុងខេត្តកំពង់ចាម ដែលធ្វើឲ្យទីលានទុកដាក់សំរាមបច្ចុប្បន្ន មិនអាចធានាបាន នូវកាទុកដាក់សំរាម ប្រកបដោយសុវត្ថិភាព និងចិរភាព។

អភិបាលខេត្តបន្តថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការដោះស្រាយផលប៉ះពាល់បរិស្ថាន ក្នុងន័យដំណើរប្រទេសជាតិឆ្ពោះទៅរក «បរិស្ថានរូបវ័ន្ត និងធម្មជាតិប្រកបដោយ សុខដុមភាព ភាពធន់ បរិយាបន្ន» សម្រាប់ការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានជ្រើសរើសយកខេត្តកំពង់ចាម អនុវត្តគម្រោង អភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គ ជំហានទី៤ ដែលបានសម្រេចសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្របតាមស្តង់បច្ចេកទេស ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន សំដៅលើកកម្ពស់សុខមាលភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក រស់ វណ្ណា បានចាត់ទុកថា ទីលានទុកដាក់សំរាមមានសារៈសំខាន់ណាស់ ព្រោះសំរាមជាវត្ថុធាតុដើមដ៏មានសារៈសំខាន់ ដែលអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋ តាមរយៈការញែកសំរាម និងកែច្នៃ ទៅជាគុណប្រយោជន៍សម្រាប់ការប្រើប្រាស់ផ្សេងៗ។

ជាងនេះទៅទៀត ទីលានទុកដាក់សំរាមនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។

គូសបញ្ជាក់ថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម៕