(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​ CDRI។

ក្នុងឱកាសនៃជំនួប, លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់កាលទី​១​ របស់រាជ​រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ, លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលេី៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ​ ជាដេីម។

សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេច​បវរ​ធិបតី​ បាន​គូសបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​នឹងនៅ​តែ​បន្តការគាំទ្រដល់​សកម្មភាព​ និងបេសកកម្មរបស់ ​CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ​ ក្រសួង​-​ស្ថាប័នរបស់រាជរដ្ឋាភិបាល​ និងស្ថាប័នស្រាវជ្រាវនានា​ ដេីម្បី​លេីកស្ទួយវិស័យ​ស្រាវជ្រាវ​នៅ​កម្ពុជា​ ឱ្យមានការចូលរួមកាន់តែ​ផុសផុល​ និង​រីកលូតលាស់បន្ថែមទៀត៕