(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា ពាក្យ «កីឡារស់ក្នុងសន្តិភាព» គឺមានន័យគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជា ដោយតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ ហើយបើប្រទេសជាតិមានសង្គ្រាមនោះ យើងមិនអាចលេងកីឡាបាននោះទេ ជាក់ស្តែងប្រទេសអ៊ុយក្រែន និងប្រទេសសេរី គឺគ្មានឱកាសលេងកីឡានោះទេ។
លោក កើត ឆែ បានបញ្ជាក់ដូចនេះនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ នាឱកាសដែលសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡាដ្ឋានមរតកតេជោ។
លោក កើត ឆែ បានបញ្ជាក់ដូចនេះថា «មូលបទនៃការប្រកួតរបស់យើងគឺយើងសរសេរថា «កីឡារស់ក្នុងសន្តិភាព» ពាក្យថា កីឡារស់ក្នុងសន្តិភាពគឺមានន័យគ្រប់គ្រាន់ ដែលថានៅពេលដែលប្រទេសជាតិមួយធ្លាក់ក្នុងសង្គ្រាម គឺគេមិនអាចរៀបចំការប្រកួតបាល់បាននោះទេ ហើយអ្នកទាត់បាល់ទាំងអស់ប្រហែលជាជាប់កាតព្វកិច្ចត្រូវទៅសមរភូមិហើយ កាន់អាវុធហើយ អីចឹងអត់មានកីឡាទេ»។
លោក កើត ឆែ បានបញ្ជាក់ទៀតថា ជាក់ស្តែង ប្រទេសអ៊ុយក្រែន ប្រទេសសេរី គឺអត់មានការប្រកួតកីឡានោះទេ សូម្បីតែទេសចរក៏គេមិនទៅដែរ ដូចនេះហើយពេលមានសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះគឺមានទាំងពីជីវិត មានទាំងប្រជាធិបតេយ្យ មានទាំងសិទ្ធិសេរីភាព ដូចនេះហើយមានសន្តិភាពទើបមានអ្វីៗគ្រប់បែបយ៉ាងដែលសន្តិភាពនេះជាសម្បត្តិគ្រប់បែបយ៉ាងដែលមិនអាចកាត់ថ្លៃ និងកំណត់តម្លៃបាននោះទេ៕