(ព្រៃវែង)៖ ខេត្តព្រៃវែង គឺជាខេត្តមួយដែលអំណោយផល ដល់ផ្នែកកសិកម្មដាំដុះទាំងស្រូវ និងដំណាំផ្សេងៗ ដោយគ្រាន់តែរយៈពេល១២ ខែឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម សរុបមានចំនួន២ ៩៤១ ៤២០តោន (រួមទាំងស្រូវឆ្លងកាត់) ចំណូលសរុប៨៣៦ ៦៧៣ ៨៣១ដុល្លារ។ ក្នុងនោះតម្លៃស្រូវសើមជាមធ្យម៖ ស្រូវអ៊ីអ៊ែរ (IR) តម្លៃ ១ ០៤០រៀល ក្នុង១គីឡូក្រាម ស្រូវអូអឹម (OM) តម្លៃ១ ០៣០រៀល ក្នុង១គីឡូក្រាម។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា ផលិតកម្មដំណាំស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ (គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤) អនុវត្តបានលើផ្ទៃដី ព្រោះសរុប១១៥ ៦៦៣ហិកតា (ស្ទូងគ្មាន) ស្មើនឹង១៥៤.២២%នៃផែនការ៧៥ ០០០ ហិកតា ធៀបនឹងឆ្នាំមុនខ្ពស់ជាង២៣ ៥៤៤ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។

លោកបានបន្ថែមថា ផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង (គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤) ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ៨៦២ហិកតា ស្មើនឹង១០៩.១១% នៃផែនការ៧៩០ហិកតា។ ប្រមូលផលសរុប៩០ហិកតា បរិមាណផលសរុប១ ៣៥០ តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប២ ០៨៦ហិកតា ស្មើនឹង៤០.៨៦% នៃផែនការ៥ ១០៥ហិកតា។

លោកបានបន្តថា ចំពោះបរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សរុបមានចំនួន១៣៣ ៧៦០តោន (រួមទាំងស្វាយឆ្លងកាត់)។ តម្លៃផ្លែស្វាយជាមធ្យម៧១៤រៀល ក្នុង១គីឡូក្រាម ចំណូលសរុប២១ ៣៦០ ១២២ដុល្លារ។ ដោយឡែកក្នុងសប្តាហ៍នេះ សរុបមានចំនួន៧៩៧តោន ចំណូលសរុបមាន ចំនួន១៣៨ ៧៥៩ដុល្លារផងដែរ។

លោក អ៊ុក សំណាង បានគូសបញ្ជាក់ថា ជាទូទៅស្ទើរតែគ្រប់ស្រុក ក្រុង នៅខេត្តព្រៃវែង ចំពោះវិស័យកសិកម្មដំណាំស្រូវ ប្រជាពលរដ្ឋអាចធ្វើបានក្នុងមួយឆ្នាំ ចាប់ពី២ទៅ៣ដងឯណោះ ហើយទិន្នផល ក៏បានខ្ពស់គួរសមដែរ។

លោកបានបន្តថា ការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារពីរសំខាន់ គឺច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងស្រុកព្រះស្ដេច និងច្រកទ្វារអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង៕