(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា ខេត្តកំពត ពោពេញទៅដោយសក្តានុពល ស្ទើគ្រប់ផ្នែកទាំងអស់ ទាំងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ និងអំណោយផលសម្រាប់ការបង្កើតរោងចក្រផ្សេងៗផងដែរ។ ហើយអាជ្ញាធរខេត្តកំពតមួយនេះ នឹងរង់ចាំជានិច្ចសម្រាប់ការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ប្រជាពលរដ្ឋធូរធាទៅថ្ងៃអនាគត។ ពិសេសកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ទៅរកការងារធ្វើនៅក្រៅប្រទេស។
មានប្រសាសន៍ថ្លែងបែបនេះ ខណៈលោកអភិបាលខេត្តកំពត ម៉ៅ ធនិន ដឹកនាំមន្ត្រីក្រោមឱវាទពាក់ព័ន្ធ ជួបពិភាក្សាការងារលើការវិនិយោគ ជាមួយក្រុមហ៊ុន «ទីឆាវ ថេកស្លាយ ខេមបូឌា ខូអិលធីឌី» ដែលជាក្រុមហ៊ុនវិនិយោគផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតក្រណាត់ មកពីប្រទេសចិន នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។
លោក ម៉ៅ ធនិន បានលើកបញ្ជាក់ទៀតថា កំពតគឺជាខេត្តមួយ ដែលមានសក្តានុពលស្ទើគ្រប់វិស័យ សម្រាប់ការវិនិយោគ មានដូចជា វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ ពិសេសខេត្តកំពត មានទាំងកំពង់ផែ ផ្លូវដែក ផ្លូវគោក។ ហើយខេត្តកំពត គឺជាខេត្តមួយ ដែលព្រែកជីកហ្វូណនតេជោឆ្លងកាត់ស្រុកចំនួន៣ ដើម្បីភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកផងដែរ។
លោកអភិបាលខេត្ត បានបន្តថា គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូជានិច្ច ចំពោះកិច្ចការអភិវឌ្ឍ និងទំនើបកម្ម ហើយសម្តេចបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរ ធ្វើយ៉ាងណា ឈោងចាប់ ក៏ដូចជាសហការជាមួយអ្នកវិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក Yuming Pan (យ៉ុមមីង ផាន់) ប្រធានក្រុមហ៊ុន ទីឆាវ ថេកស្លាយ (ខេមបូឌា) ខូអិលធីឌី បានសំដែងសេចក្តីត្រេកអរ និងមានការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគ។
លោកប្រធានក្រុមហ៊ុន បានបន្ថែមថា ការដែលលោកសំឡឹងមើលឃើញឱកាសសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តកំពត ដោយសារតែខេត្តកំពត គឺជាខេត្តដែលមានសក្តានុពលច្រើន និងសមស្របសម្រាប់ក្រុមហ៊ុនរបស់លោកមកធ្វើការវិនិយោគ ហើយការវិនិយោគនេះទៀតសោត ដំណាក់កាលទី១ ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកាត់ដេរ និងដំណាក់កាលទី២ ក្រុមហ៊ុន នឹងបង្កើតរោងចក្រផលិតក្រណាត់ ដែលអាចនឹងត្រូវការកម្លាំងពលកម្មប្រមាណជាង ២ម៉ឺន ៥ពាន់នាក់៕