(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា យើងត្រូវចងចាំថា «មានសន្តិភាព គឺមានអ្វីទាំងអស់» សន្តិភាពជាសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឱ្យបានគង់វង់ ក្រោយពីបាត់អស់រយៈពេល៥០០ឆ្នាំ។

ការលើកឡើងរបស់លោក កើត ឆែ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញធ្វើសន្តិសីទកាសែត ស្ដីពីការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក កើត ឆែ បានថ្លែងថា៖ «ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងមានមហាជនចូលទស្សនាជាង៥ម៉ឺននាក់ នៅពហុកីឡដ្ឋានមរតកតេជោ។ ព្រឹត្តិការណ៍នេះ អាចធ្វើទៅបានដោយសារប្រទេសជាតិរបស់យើងមានសន្តិភាព។ បើគ្មានសន្តិភាព គឺមិនមានអ្វីទាំងអស់។ កីឡារស់នៅក្នុងសន្តិភាព។ បើប្រទេសជាតិមួយធ្លាក់ចូលទៅក្នុងសង្គ្រាម គឺមិនអាចធ្វើអ្វីបានទេ កីឡាករទាំងអស់ នឹងត្រូវទៅធ្វើសង្គ្រាមមិនខាន។ យើងត្រូវចងចាំថា «មានសន្តិភាព គឺមានអ្វីទាំងអស់» សន្តិភាពជាសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ ឱ្យបានគង់វង់ ក្រោយពីបាត់អស់រយៈពេល៥០០ឆ្នាំ។

លោក កើត ឆែ បានបន្តថា ពាក្យថាសន្តិភាព គឺងាយនិយាយ ប៉ុន្តែការ រកសន្តិភាពពិតជាពិបាកណាស់។ សម្ដេចតេជោ ហ៊ុន សែនបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ប៉ុន្តែ ប្រទេសជាតិទាំងមូល មិនទទួលបានសន្តិភាពពេញលេញនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានស្វែងរកសន្តិភាព អស់រយៈពេល១១ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេច ទើបធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ។ គិតមកដល់ពេលនេះប្រទេសកម្ពុជា មានសន្តិភាពរយៈពេល២៦ឆ្នាំហើយ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ធ្នូ ជាទិវាសន្តិភាព ជារៀងរាល់ឆ្នាំ យើងប្ដេជ្ញារក្សាសន្តិភាពឱ្យបានគង់វង្សទោះបីក្នុងតម្លៃណាក៏ដោយ និងការពារសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក បន្តការរក្សាសន្តិភាពនៅកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃ បុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

ក្នុងនោះដែរលោក ខៀវ ភារិទ្ធិ សមាជិកអចិន្ត្រៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានលើកឡើងថា ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ដឹកនាំលោក ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រីមួយចំនួន ជាអនុប្រធាន ស.ស.យ.ក ទាំងអស់ រួមជាមួយកីឡាករជើងខ្លាំងមួយចំនួនទៀត និងប្រកួតជាមួយក្រុមកីឡាករបាត់ទាត់តារាកម្ពុជានៅគូទី២។ មូលហេតុជ្រើសរើសយកកីឡាបាល់ទាត់មកប្រកួតក្នុងពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដោយកីឡានេះមានអ្នកទស្សនាច្រើន។

លោក ហេង នរៈកក្ដដា តំណាងក្រុមកីឡាករតារាកម្ពុជា ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ខាងលើនេះ គឺកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយកីឡាករ ដែលត្រូវប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ គឺមានចំនួន៤ក្រុម ស្មើ និង២គូប្រកួត ដោយប្រើបច្ចេកទេសនៃការប្រគួតតាមស្តង់ដារ អន្តរជាតិគឺ៩០នាទី ចែកចេញជា២តង់។

ក្រុមបាល់ទាត់តារាកម្ពុជា ធ្លាប់បានបង្កើតនូវព្រឹត្តិការណ៍នៃការប្រកួតជាច្រើនលើករួចមកហើយ ដើម្បីរកថវិកាជួយទៅដល់ការងារសង្គម ពិសេសជួយដល់មន្ទីរពេទ្យ ហើយនៅក្នុងពេលនេះ ក្រុមបាល់ទាត់តារាកម្ពុជា មានកិត្តិយសបានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើនេះទៀត។

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ៖

គូទី១៖ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា

គូទី២៖ ក្រុមបាល់ទាត់ ស.ស.យ.ក ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី៕